រាជរដ្ឋាភិបាល មានមហិច្ឆតាប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជិស្ទីកតំបន់ អាចទាក់ទាញនាវាដឹកទំនិញធំៗ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលមានមហិច្ឆតា អភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យក្លាយជាកំពង់ផែតំបន់និងមជ្ឈមណ្ឌលឡូជិស្ទីកតំបន់ដែលអាចទាក់ទាញនាវាដឹកទំនិញធំៗ ចូលមកលើកដាក់ទំនិញជាលក្ខណៈអន្តរជាតិបាន។
ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១ ឧសភា ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា វិស័យកំពង់ផែ ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានាដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដែលត្រូវបង្កើនថវិកាវិនិយោគ កៀរគរហិរញ្ញប្បទាន ដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែឱ្យកាន់តែរីកចម្រើនថែមទៀត។
សម្ដេចធិបតីបន្តថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានចាត់ទុកជាច្រកសេដ្ឋកិច្ចជាតិដែលមានចរិតជាអង្គភាពយុទ្ធសាស្ត្រក្នុងការទ្រទ្រង់សកម្មភាពពាណិជ្ជកម្មអន្តរជាតិសម្រាប់បង្កើនសេដ្ឋកិច្ចកន្លងមក នាពេលបច្ចុប្បន្ន និងតទៅអនាគត។ លើសពីនេះទៅទៀត កំពង់ផែនេះមិនត្រឹមតែបង្កើនចំណូលនៅនឹងកន្លែងនោះទេ ប៉ុន្តែអាចជាចលករសម្រាប់បង្កើនសេដ្ឋកិច្ចខេត្តព្រះសីហនុ តំបន់ឆ្នេរសមុទ្រនៅប្រទេសយើងទាំងមូលតែម្ដង។ ហេតុនេះហើយបានជាយើងមានមហិច្ឆតា២០៥០ មិនមែនត្រឹមតែធ្វើឱ្យក្លាយជាផែទឹកជ្រៅនៅព្រះរាជាណាចក្រកម្ពុជានោះទេ គឺប្រែក្លាយផែនេះទៅជាកំពង់ផែនតំបន់ និងមជ្ឈមណ្ឌលឡូជិស្ទីកតំបន់ទៀតផង ៕