ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបឋកថាបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ក្រោមប្រធានបទ “ការជម្រុញការបំពេញការងាររបស់បុគ្គលិកឱ្យកាន់តែខ្លាំងក្លាឡើង ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៤៩៣នាក់ ក្នុងទិសដៅបន្តពង្រឹងស្ថាប័នលើសមត្ថភាពភាពជាអ្នកដឹកនាំ ដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព៣ បានដាក់ចេញដោយក្រសួងសុខាភិបាល អំពីកិច្ចការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងសប្តាហ៍នេះ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានរំលឹកណែនាំដល់ថ្នាក់ដឹកនាំគ្រប់ឋានានុក្រម អោយយកចិត្តទុកដាក់ធ្វើ Staff performance Review ដើម្បីជួយតំរង់ទិសដៅការងារ និង ដើម្បីផ្តល់ពត៌មានត្រឡប់ដល់បុគ្គលិកដើម្បីអោយបុគ្គលិកបានដឹងពីអ្វីដែលខ្លួនបានធ្វើនិងទទួលបាន ឱកាសពង្រីកសមត្ថភាពបំពេញការងាររបស់គេបន្ថែមទៀត។
ជាកិច្ចបន្តរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានបង្ហាញពីគោលបំណងរបស់មេរៀន Boosting Staff performance ដែលផ្តល់ចំណេះដឹងដល់អ្នកដឹកនាំអោយស្គាល់ពីលក្ខណៈរបស់ បុគ្គលិកដែលបំពេញការងារក្រោមស្តង់ដា (under performers) និង បុគ្គលិកដែលបំពេញការងារល្អ (high performance staff) និងបានយល់ដឹងពីវិធីសាស្រ្តគ្រប់គ្រង under performed staff and high performed staff អោយមានប្រសិទ្ធិភាព។
បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៍បានបង្ហាញពីភាពខុសគ្នា និង ការប្រើប្រាស់ រវាង ការបង្ហាត់បង្ហាញ (Coaching) និង ការចង្អុលបង្ហាញ (mentoring) ដែលជាឧបករណ៍ចំាបាច់ដែលថ្នាក់ដឹកនាំត្រូវប្រើប្រាស់នៅក្នុងការងារអភិវឌ្ឍន៍អាជីពការងាររបស់បុគ្គលិករបស់ខ្លួន ។
សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត៕