ប្រមុខរាជរដ្ឋាភិបាល ណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ចេញមុខបំភ្លឺភ្លាមៗ ហើយឲ្យគ្រប់ជ្រុងជ្រោយ បើមានការចោទប្រកាន់ណាមួយ មកលើការអភិវឌ្ឍអ្វីមួយ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវចេញមុខបំភ្លឺភ្លាមៗ ក្នុងករណីមានការចោទប្រកាន់ណាមួយ ពាក់ព័ន្ធនឹងដំណើរការអភិវឌ្ឍន៍ ឬធ្វើអ្វីមួយនោះ ។
ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នាព្រឹក ថ្ងៃទី១ ឧសភា ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា បើគេលើកមកបំភ្លៃរឿងកំពុងផែនៅកំពត លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវចេញបំភ្លឺភ្លាមៗជុំវិញបញ្ហានេះ ព្រោះប្រជាពលរដ្ឋជាម្ចាស់ប្រទេសគាត់មានសិទ្ធិ បារម្ភ ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្តថា «យើងត្រូវមានសិទ្ធិការពារ ហើយកុំឲ្យខ្ញុំការពារម្នាក់ឯង ក្រសួងស្ថាប័នជំនាញ ប្រតិកម្មរហ័ស ហើយប្រតិកម្មឲ្យគ្រប់ជ្រុងជ្រោយ កុំចេញតែក្រដាសមួយសន្លឹកនៅក្នុងផេករបស់ខ្លួនហើយចប់ ដល់ទៅមើលមានតែអ្នកចូលមើលប៉ុន្មាននាក់ តែពេលគេវ៉ៃយើង មានគេមើលរាប់លាន ។ ត្រូវផ្សព្វផ្សាយទាំងអស់ ដាក់ចូលប្រព័ន្ធផ្សព្វផ្សាយឲ្យគ្រប់ ដើម្បីឲ្យប្រជាពលរដ្ឋយើងដឹង ថាការពិតវាអញ្ចេះ» ។
ជុំវិញករណីផ្ទុះគ្រាប់នៅបញ្ជាការដ្ឋានយោធភូមិភាគ៣ ខេត្តកំពង់ស្ពឺ សម្ដេចធិបតី មានលើកឡើងថា សម្ដេចបានណែនាំឲ្យឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ឬអគ្គបញ្ជាការ ឬកងទ័ពជើងគោក ចេញបំភ្លឺផងដែរ ថាករណីផ្ទុះនេះបណ្ដាលមកពីបញ្ហាបច្ចេកទេស ។ សម្ដេចថា ករណីនេះមានអ្នកចេញមកបំភ្លៃថា កងទ័ពចាប់ផ្ដើមបះបោរ ដែលជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការព្រួយបារម្ភ និងភ័យខ្លាច ។
សម្ដេចមហាបវរធិបតី ក៏បានណែនាំឲ្យគ្រប់បណ្ដារាជធានីខេត្តទាំងអស់ ត្រូចចេញពន្យល់ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ បានយល់ពីផលប្រយោជន៍ពិតប្រាកដ ពីគម្រោងអភិវឌ្ឍន៍អ្វីមួយ ដើម្បីកុំឲ្យមានការច្រឡំខុស ៕