សម្តេចធិបតី៖ ការលើកកម្ពស់ជីវភាពពលរដ្ឋ មិនមែនគិតតែរឿងរកចំណូលឱ្យពលរដ្ឋទេ គឺត្រូវគិតពីការកាត់បន្ថយចំណាយរបស់ពលរដ្ឋ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ មិនមែនគិតតែរឿងរកចំណូលឱ្យប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ត្រូវគិតពីការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផងដែរ។
ក្នុងឱកាសអញ្ជើញសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ព្រោះបង្កើនជីវភាពរស់នៅរបស់ប្រជាជនមិនមែនបង្កើនតែប្រាក់បៀវត្សរ៍គាត់ទេ តែត្រូវរក្សានូវថ្លៃ ដើម្បីចំណាយរបស់គាត់នេះតិច គាត់មានលទ្ធភាពទិញបានច្រើន ហើយសល់លុយច្រើនសម្រាប់ធ្វើអីផ្សេង អ៊ឹចឹងការរក្សាអតិផរណាទីផ្សារក្នុង១ឆ្នាំ ប៉ុន្មានភាគរយ គឺសំខាន់ខ្លាំងណាស់»។
សម្តេចធិបតី មានប្រសាសន៍ថា ប្រសិនបើក្នុង ១ឆ្នាំតម្លៃទំនិញឡើង៣០ ឬ៤០ភាគរយនោះ គឺលំបាកណាស់ ដូច្នេះ សម្រាប់ប្រាក់បៀវត្សរ៍ គឺរាជរដ្ឋាភិបាល តែងតែគិតគូរនៅក្នុងការដំឡើងទៅតាមលទ្ធភាព និងខិតខំផលិតផលនានាជូនដល់ប្រជាពលរដ្ឋ។
សម្តេចធិបតី លើកឡើងថា បើនិយាយពីការអភិវឌ្ឍ គឺមិនមែននិយាយតែមួយជ្រុងនោះទេ ដើម្បីផ្គុំគ្នាចេញជាលទ្ធផលជូនប្រជាពលរដ្ឋ។ ដោយឡែកសម្រាប់ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នឹងបានផលជាច្រើនជូនដល់សេដ្ឋកិច្ច និងប្រជាពលរដ្ឋខ្មែរ សំខាន់លើកម្ពស់នូវផលិតភាព លើកកម្ពស់កិត្យានុភាព និងផ្តល់នូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា ៕