សាខាកាកបាទក្រហមខេត្តសៀមរាប ប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមាភាពធន់នឹងអាកាសធាតុ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវ ទាង អេង ទៀសីហា នៅសាលសន្នីសីសុខាសៀមរាប ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ-អង្គភាពនានាជុំវិញខេត្ត យុវជនកាកបាទក្រហមកម្ពុជា ឯកឧត្តម លោកជំទាវ ឧកញ៉ា ម្ចាស់ ឬតំណាងម្ចាស់ក្រុមហ៊ុន សណ្ឋាគារ អាជីវករ សប្បុរសជនជាតិ អន្តរជាតិ សរុបប្រមាណ ៨៣០នាក់។
ការប្រារព្ធមិទ្ទីងអបអរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម នាពេលនេះ មានក្នុងគោលបំណងរំលឹកដល់ថ្ងៃកំណើតរបស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិករបស់កាកបាទក្រហម -យល់ដឹងអំពីប្រវត្តិចលនារបស់កាកបាទក្រហម អឌ្ឍចន្ទក្រហម និង បង្ហាញជូនពីលទ្ធផលការងារមនុស្សធម៌ ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀរាប បានអនុវត្តក្នុងរយៈពេលមួយឆ្នាំកន្លងមក ព្រមទាំងសូមអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ចូលរួមឧបត្ថម្ភជាថវិកា សម្ភារៈ ឬអំណោយមនុស្សធម៌ផ្សេងៗដល់សាខា ដើម្បីបន្តបេសកកម្មមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ពិសេសគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ។
តាមរយៈពិធីនេះ ដោយសន្ដានចិត្តមនុស្សធម៌របស់ ឯកឧត្ដម លោកជំទាវ ឧកញ៉ា លោក លោកស្រី ជាសប្បុរសជន សមាជិកសមាជិកា នៃអង្គពិធីទាំងមូល បានចូលរួមឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រួមជាអង្ករ ទឹកបរិសុទ្ធ និងថវិកាផងដែរ៕