ឯកឧត្ដម ខូយ រីដា អន្តរាគមន៍បូមទឹក សង្គ្រោះត្រីមេពូជ ក្នុងតំបន់អភិរក្សត្រីមេពូជបឹងផ្សោត ក្នុងស្រុកបាកាន
ភ្នំពេញ៖ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំប្រធានសហគមន៍នេសាទដីរនាត រួមទាំងមន្ត្រីដែលប្រចាំការតំបន់អភិរក្ស ត្រីមេពូជបឹងផ្សោត និងមន្ត្រីជំនាញជលផល ត្រូវសហការគ្នាបូមទឹកបណ្តោះអាសន្ន តាមអូរ ស្ទឹង ឬទន្លេ ចូលក្នុងតំបន់អភិរក្សត្រីមេពូជបឹងផ្សោត ដើម្បីសង្គ្រោះត្រីមេពូជដ៏កម្រ ឱ្យរួចផុតពីហានិភ័យ នៃគ្រោះរាំងស្ងួត។
ឯកឧត្ដមបានណែនាំបែបនេះ ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាព និងជីវភាពរស់នៅ របស់ប្រជានេសាទ ក្នុងស្រុកកណ្តៀង-ស្រុកបាកាន និងចុះពិនិត្យដោយផ្ទាល់ តំបន់អភិរក្សត្រីមេពូជបឹងផ្សោត ស្ថិតនៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
ឯកឧត្ដម ខូយ រីដា បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កងកម្លាំងឈរជើងទាំងអស់ ចំពោះការយកចិត្តទុកដាក់ យាមកាម ការពារកន្លែងអភិរក្ស ទប់ស្កាត់ភ្លើងឆេះព្រៃ និងបង្ក្រាបបទល្មើសនេសាទ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ផ្ទុយទៅវិញ ការងារដែលកម្លាំងយើងបានខិតខំ ក៏នៅមានចន្លោះប្រហោង ដែលទាមទារឱ្យគ្រប់កម្លាំងឈរជើងទាំងអស់ ត្រូវពង្រឹងកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបន្ថែមទៀត ដើម្បីឱ្យទិន្នផលត្រីរបស់យើង មានការកើនឡើងទ្វេរដង។
ឯកឧត្ដមអភិបាលខេត្ត បានបន្តថា ដោយសារបញ្ហាការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យតំបន់អភិរក្សមួយចំនួនរីងហួតហែង ជាក់ស្តែងតំបន់អភិរក្សត្រីមេពូជបឹងផ្សោត ក៏ទទួលរងការគំរាមកំហែង និងរីងហួតហែង ដែលធ្វើឱ្យប៉ះពាល់ដល់ហ្វូងត្រីជាច្រើនប្រភេទ សុទ្ធសឹងតែជាត្រីមេពូជសម្រាប់ការងារអភិរក្ស។ ពពួកត្រីចម្រុះ តាមការប៉ាន់ប្រមាណរបស់មន្ត្រីជំនាញ គឺមានប្រមាណជាងរាប់ពាន់តោន ដែលកំពុងអាស្រ័យនៅក្នុងទីនេះ ដូច្នេះបើសិនមិនមានវិធានការអន្តរាគមន៍ ដើម្បីបូមទឹកចូលទេនោះ ធនធានមច្ឆជាតិទាំងអស់ នឹងត្រូវបាត់បង់ជាមិនខាន។
សម្រាប់ដំណោះស្រាយចំពោះមុខ ឯកឧត្ដម ខូយ រីដា ក៏បានណែនាំដល់ប្រធានសហគមន៍នេសាទដីរនាត រួមទាំងមន្ត្រីជំនាញ ត្រូវសហការគ្នាបូមទឹកបណ្តោះអាសន្ន តាមអូរ ស្ទឹង ឬទន្លេ ចូលក្នុងតំបន់អភិរក្សត្រីមេពូជបឹងផ្សោត ដើម្បីសង្គ្រោះត្រីមេពូជដ៏កម្រ ឱ្យរួចផុតពីហានិភ័យនេះ៕