អភិបាលខេត្តកំពង់ចាម អញ្ជើញបើកការដ្ឋានខួងអណ្ដូងបុក និងចុះផ្តល់ទឹកស្អាតដល់សាលារៀនដែលជួបបញ្ហាប្រឈមខ្វះទឹក
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត កំពង់ចាម អញ្ជើញបើកការដ្ឋានខួងអណ្តូងបុក ចំនួន១១ កន្លែង ស្ថិតក្នុងឃុំចំនួន២ រួមមាន ឃុំទំនប់ និងឃុំជើងព្រៃ ស្រុកបាធាយ ដែលជាគម្រោងទឹកស្អាតរបស់ក្រុមសេវាករឯកជន ដោយបានការសហការជាមួយរដ្ឋបាលខេត្ត សំដៅធ្វើយ៉ាងណាធ្វើការផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋឲ្យគ្រប់ទៅតាមតម្រូវការ។
បន្ទាប់ពីបញ្ចប់ពិធីបើកការដ្ឋានខួងអណ្តូងបុក ស្ថិតក្នុងឃុំទំនប់ ស្រុកបាធាយ នៅព្រឹកថ្ងៃដដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានបន្តដឹកនាំក្រុមការងារខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ និងដោះស្រាយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ នៅតាមសាលារៀនមួយចំនួន ស្ថិតក្នុងឃុំត្រប់ និងសណ្តែក ស្រុកបាធាយ។
នាឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋាន អំពីការខ្វះទឹកស្អាតប្រើប្រាស់ នៃសាលាបឋមសិក្សាមួយចំនួន ក្នុងស្រុកបាធាយ ក្រុមការងារ នៃរដ្ឋបាលខេត្តកំពង់ចាម បានធ្វើការចុះពិនិត្យដោយផ្ទាល់ ដើម្បីដោះស្រាយបញ្ហានេះជូនដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស នៃសាលារៀនទាំងពីរនោះ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្រេចធ្វើការជួសជុលអាងស្តុកទឹក របស់សាលានានា ដែលជួបបញ្ហាប្រឈម ដើម្បីឲ្យមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ឡើងវិញ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់លោកគ្រូ អ្នកគ្រូ បង្កើនការមើលថែទាំដល់សុខភាពសិស្ស ក្នុងស្ថានភាពអាកាសធាតុឡើងកម្ដៅខ្លាំងនេះ។ ជាក់ស្តែងនៅតំបន់នេះ ទឺកស្រះ ប្រឡាយរីងស្ងួតហួតហែង អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺនៅតំបន់នេះពុំទាន់មានភ្លៀងធ្លាក់នៅឡើយ ខុសពីតំបន់ផ្សេងក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។
ក្នុងដំណើរបំពេញបេសកកម្មខាងលើ ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភនូវថវិកា និងទឹកបរិសុទ្ធមួយចំនួន ដល់អាជ្ញាធរមូលដ្ឋាន គណគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទីទាល់ក្រដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះផងដែរ ៕