ទេសរដ្ឋមន្ត្រីលី ធុជ ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៃគណៈកម្មការការស្តីពីការជំរុញអនុលោមភាពកិច្ចសហប្រតិបត្តិការ នៃអនុសញ្ញាអូតាវ៉ា ដើម្បីពង្រឹងបទដ្ឋាន តម្លាភាព កាតព្វកិច្ច និងការទទួលខុសត្រូវក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា
ភ្នំពេញ៖ នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៃគណៈកម្មការស្តីពីការជំរុញអនុលោមភាពកិច្ចសហប្រតិបត្តិការ (Committee on Cooperative Compliance) នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងប្រទេសជាសមាជិករួមមានអាល្លឺម៉ង់ ន័រវេស្ស ប៉េរូ និងអាហ្វ្រិកខាងត្បូង ក្នុងនោះក៏មានការចូលរួមផងដែរពីអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា(ISU-APMBC)។
អង្គប្រជុំ បានពិភាក្សាលើវិធានការក្នុងការជួយសម្របសម្រួលដល់ការអនុវត្តបទដ្ឋាន និងការពង្រឹងអនុលោមភាពនៃអនុសញ្ញាអូតាវ៉ាក្នុងចំណោមរដ្ឋភាគី ក្នុងនោះបានផ្តោតលើការជំរុញឱ្យរដ្ឋភាគីបញ្ជូននូវរបាយការណ៍មាត្រា៧ (តម្លាភាពនៃការអនុវត្តអនុសញ្ញា) ឱ្យទាន់ពេលវេលា ការដោះស្រាយកាតព្វកិច្ចផ្នែកច្បាប់នៃមាត្រា៩ (វិធានការអនុវត្តថ្នាក់ជាតិនៃរដ្ឋភាគី) នៃអនុសញ្ញា ដែលមានរដ្ឋសមាជិកចំនួន ៤៦ ដែលមិនទាន់បានអនុវត្តពេញលេញនៅឡើយ។
ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជំរុញឱ្យមានការតាមដាន និងណែនាំឱ្យរដ្ឋសមាជិកអនុសញ្ញាអូតាវ៉ាទាំងអស់ ពង្រឹងការអនុវត្តបទដ្ឋាន តម្លាភាព កាតព្វកិច្ច និងការទទួលខុសត្រូវក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា។
ជាមួយគ្នានោះ អង្គប្រជុំ បានពិភាក្សាលើការស្នើឡើងឱ្យមានការពិនិត្យ និងកែសម្រួលអាណត្តិគណៈកម្មការ តាមការចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពនៃអនុសញ្ញា និងរៀបចំផែនការយុទ្ធសាស្ត្រលើវិធានការអនុលោមភាពកិច្ចសហប្រតិបត្តិ្កការ។
អង្គប្រជុំ ក៏បានពិភាក្សាលើវិធានការអនុលោមតាមផែនការសកម្មភាពទីក្រុងអូស្លូនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៤ នៃអនុសញ្ញា និងសំណើសុំបន្ថែម ឬផ្លាស់ប្តូរសម្រាប់ការរៀបចំផែនការសកម្មភាពសៀមរាប-អង្គរ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។
ជាងនេះទៅទៀត អង្គប្រជុំ បានអនុញ្ញាតឱ្យ លោកជំទាវ Yevheniia FILIPENKO តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសអ៊ុយក្រែន ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ដើម្បីស្រាយបំភ្លឺអំពីបទចោទប្រកាន់ថា ប្រទេសអ៊ុយក្រែនកំពុងប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។
ក្នុងករណីនេះ ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានលើកឡើងថា គណៈកម្មការ បានគាំទ្រប្រទេសអ៊ុយក្រែនដែលមានបំណងដោះស្រាយការចោទប្រកាន់ទាំងនេះ ក្នុងអំឡុងពេលកិច្ចប្រជុំអន្តរកាលក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខ ព្រមទាំងបានស្នើឱ្យប្រទេសអ៊ុយក្រែនធ្វើការជាមួយអង្គភាព ISU តាមរយៈការសន្ទនាសហប្រតិបត្តិការដើម្បីធានាថាអ៊ុយក្រែនគាំទ្រក្នុងការពង្រឹងយន្តការអនុលោមភាពសហប្រតិបត្តិការនៃអនុសញ្ញា ៕