ក្រសួងសាធារណការ នឹងចាត់វិធានការតាមផ្លូវច្បាប់ដល់ជន ឬក្រុមហ៊ុនណា ដែលប្រកាសថាខ្លួន ទទួលបានគម្រោងសាងសង់ផ្លូវជាតិលេខ៦៧ ដោយមិនមានការដេញថ្លៃ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនឹងចាត់វិធានការតាមផ្លូវច្បាប់ ដល់ជន ឬក្រុមហ៊ុនណា ដែលប្រកាសថាខ្លួនទទួលបានគម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ ៦៧ (សៀមរាប- អន្លង់វែង-ច្រកអន្តរជាតិជាំ.សាង៉ាំ) ដោយមិនមានការដេញថ្លៃ ឬក្លែងព័ត៌មានយកទៅបោកប្រាស់ ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃ៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កន្លងទៅថ្មីៗនេះ មានជនខិលខូចមួយចំនួនតូចបានប្រើប្រាស់ឯកសារ និងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងគម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ ៦៧ (សៀមរាប- អន្លង់វែង-ច្រកអន្តរជាតិជាំ/សាង៉ាំ) ដោយធានាផ្តល់សិទ្ធិក្នុងការសាងសង់ផ្លូវជាតិលេខ៦៧ ដោយមិនឆ្លងកាត់នីតិវិធីដេញថ្លៃជាសាធារណៈ។
ជាការពិតកំណាត់ផ្លូវជាតិលេខ៦៧ ប្រវែង ១៣១,៤៦៤ គីឡូម៉ែត្រ គឺជាបេក្ខភាពគម្រោងដែលក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើការស្តារ និងពង្រឹងគុណភាពឡើងវិញ ក្រោមកម្ចីឥណទាន សម្បទានពីទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច នៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ (NEDA) លេខ CFA004-2022 កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។
កិច្ចព្រមព្រៀងឥណទាននេះ មានទំហំទឹកប្រាក់ ៩៨៣លានបាត (ស្មើនឹងប្រមាណ ២៩លានដុល្លារអាមេរិក) ហើយចំពោះបរិមាណការងារ គឺរក្សាតាមទំហំផ្លូវចាស់ដដែល លើកលែងតែតំបន់ទីប្រជុំជន និងផ្លូវប្រសព្វសំខាន់ៗ ដែលត្រូវកែសម្រួលឱ្យស្របតាមស្ថានភាព និងតម្រូវការជាក់ស្តែង។
ចំពោះនីតិវិធីក្នុងការជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ គឺត្រូវធ្វើឡើងតាមរយៈការដេញថ្លៃជាសាធារណៈ និងប្រើប្រាស់នីតិវិធីលទ្ធកម្មទៅតាម Standard Operation Procedures (SOP) របស់ព្រះរាជាណាចក្រកម្ពុជា និងលក្ខខណ្ឌផ្សេងៗដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងកម្ចីឥណទាន។ ចំពោះព័ត៌មានស្តីពីការជ្រើសរើសក្រុមហ៊ុន និងព័ត៌មានគម្រោង គឺមានផ្សព្វផ្សាយក្នុងគេហទំព័ររបស់ NEDA (www.neda.or.th)។
បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងដំណើរការជ្រើសរើសទីប្រឹក្សាបច្ចេកទេស សម្រាប់សិក្សាលម្អិតរៀបចំឯកសារសៀវភៅបន្ទុក និងលក្ខខណ្ឌតម្រូវផ្សេងៗទៅតាមនីតិវិធីលទ្ធកម្ម។ យោងទៅតាមផែនការលទ្ធកម្ម ការជ្រើសរើសក្រុមហ៊ុនសាងសង់ នឹងត្រូវធ្វើឡើងនៅត្រីមាសទីមួយឆ្នាំ២០២៥ ខាងមុខនេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាត់វិធានការតាមផ្លូវច្បាប់ ដល់ជន ឬក្រុមហ៊ុនណា ដែលប្រកាសថាខ្លួនទទួលបានគម្រោងដោយមិនមានការដេញថ្លៃ ឬក្លែងព័ត៌មានយកទៅបោកប្រាស់ដើម្បីកេង ចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន៕