នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធ លើកទី៦
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្ដីពីការរត់ពន្ធអាវុធ លើកទី៦ ដោយមានសមាសភាពចូលរួមពីតំណាងប្រទេសជាសមាជិកអាស៊ាន ទីម័រខាងកើត លេខាធិការដ្ឋានអាស៊ាន និងអង្គការអហិង្សាអន្តរជាតិ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (NISEA) ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារបុរីអង្គររីសត និងស្ប៉ា ខេត្តសៀមរាប។
បន្ទាប់មក លោកឧត្តមសេនីយ៍ទោ សៅ ប៊ុនលាភ ប្រធានកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្ម្នឆ្លងដែន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន បានបន្តដឹកនាំកិច្ចប្រជុំ ព្រមទាំងបានពិភាក្សា និងផ្លាស់ប្តូរយោបល់ ចែករំលែកបច្ចុប្បន្នភាពអំពីនិន្នាការ នៃការរត់ពន្ធអាវុធនៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។
កិច្ចប្រជុំ ក៏បានពិនិត្យឃើញថា ការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធ គឺជាបញ្ហាស្មុគស្មាញ ដែលកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះ ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន និងដៃគូ តាមរយៈយន្តការដែលមានស្រាប់ និងការបង្កើតយន្តការថ្មីៗ ដើម្បីបង្ការ និងទប់ស្កាត់បញ្ហាការរត់ពន្ធអាវុធនៅក្នុងទឹកដីនៃប្រទេសសមាជិកអាស៊ាន សំដៅរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ។
បន្ថែមពីនេះ អង្គការ NISEA ដែលជាដៃគូសហការរបស់ SOMTC-កម្ពុជា ក្នុងការជំរុញការអនុវត្តសេចក្តីប្រកាសអាស៊ាន ស្តីពីការប្រឆាំងការរត់ពន្ធអាវុធ ដែលផ្តួចផ្តើមដោយកម្ពុជា ក៏បានណែនាំអំពីគម្រោងនៃការរៀបចំសិក្ខាសាលា ដែលសហការជាមួយ SOMTC-កម្ពុជា នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខ និងគោលបំណងបន្តកិច្ចសហប្រតិបត្តិការនាពេលអនាគត ។
ប្រទេសទីម័រខាងកើត ក្នុងនាមជាប្រទេសសង្កេតការណ៍ ក៏បានចែករំលែកពីបញ្ហា និងស្ថានភាពនាពេលបច្ចុប្បន្ន ព្រមទាំងយន្តការឆ្លើយតប ដែលកំពុងកើតមាននៅក្នុងប្រទេសរបស់ខ្លួនផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ោ ភក្ដិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្ដែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូនៃបណ្ដារប្រទេសអាស៊ានទាំងអស់ ដែលបានមកកាន់ខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្ដីពីការរត់ពន្ធអាវុធ លើកទី៦ នាពេលនេះ។
ក្នុងនោះ ឯកឧត្តម ក៏បានជូនពរដល់គណៈប្រតិភូទាំងអស់ទទួលបាននូវភាពជោគជ័យ និងសុវត្ថភាព ភាពសប្បាយរីករាយក្នុងឱកាសស្នាក់នៅប្រទេសកម្ពុជាផងដែរ៕