ឯកឧត្តម អ៊ូច ភា ជួបសំណេះសំណាលជាមួយ កម្មករ និយោជិត នៅរោងចក្រ ខូភ្យូស អ៊ិធើណេសិនណល (ខេមបូឌា) អ៊ិន ក្នុងស្រុកសំរោង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិត នៅក្នុងរោងចក្រ ខូភ្យូស អ៊ិធើណេសិនណល (ខេមបូឌា) អ៊ិន ស្ថិតនៅឃុំលំចង់ ស្រុកសំរោង ចំនួន ៤១៨នាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក ម៉ឹង វីរិយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត លោក ឆយ ម៉ូនលី ប្រធានមន្ទីរបរិស្ថានខេត្ត លោក ធូ សុភា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ លោក កេត ម៉ៅ អភិបាលស្រុកសំរោង តំណាង មន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្ត និងតំណាងរោចក្រ សហគ្រាស គ្រឹះស្ថាន កម្មករ និងនិយោជិតចូលរួមយ៉ាងច្រើនកុះករផងដែរ។
បើយោងតាមរបាយការណ៍របស់ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឱ្យដឹងថា ទូទាំងខេត្តតាកែវ មាន រោងចក្រ សហគ្រាស គ្រឹះស្ថាន សរុបចំនួន២៦១ ដែលមានកម្មករ និយោជិត សរុបចំនួន ៧២,៥៧០នាក់, ក្នុងនោះរោងចក្រ សហគ្រាសវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរមានចំនួន៧៤ មានកម្មករ និយោជិតសរុប ៦២,៥៩១នាក់ និងវិស័យករៅពីកាត់ដេរមានចំនួន១៨៧ មានកម្មករ និយោជិត សរុបចំនួន ៩,៩៧៩នាក់ ដោយក្នុងនោះផងដែរក៏មានសហជីបមូលដ្ឋាននៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមានបញ្ជីការត្រឹមត្រូវ ចំនួន ១០០សហជីបមូលដ្ឋាន ៕