ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំដើម្បីរៀបចំការធ្វើតេស្តរកសារធាតុញៀន នៅក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា
ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ឧត្តមសេនីឯក ឈឹម សិទ្ធិបុណ្យរិទ្ធ តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ដើម្បីត្រៀមរៀបចំបែបបទ និងនីតិវិធីត្រួតពិនិត្យសារធាតុញៀន និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់របស់មន្ត្រីរាជការ ទីប្រឹក្សា មេធាវី ក្រុមប្រឹក្សាអ្នកច្បាប់ ជំនួយការ និងបុគ្គលិកជាប់កិច្ចសន្យានៅអគ្គលេខាធិការដ្ឋានរដ្ឋសភា។
ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ថា យោងតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តមចង់អោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជម្រាបជូនអង្គប្រជុំពីនីតិវិធីក្នុងការត្រួតពិនិត្យរកសារធាតុញៀន។
ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ បានមាន ប្រសាសន៍ថា នីតិវិធីត្រួតពិនិត្យសារធាតុញៀនមានបីផ្នែក (១)ការរៀបចំធ្វើតេស្ត (២)ទទួលលទ្ធផលក្រោយធ្វើតេស្ត (៣)លទ្ធផលក្រោយធ្វើតេស្តពេលវិជ្ជមាន និងធ្វើទៅតាមនីតិវិធីច្បាប់។
ឯកឧត្តម ឡេង ប៉េងឡុង បានថ្លែងអំណរគុណជូន អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដែលបានបកស្រាយពន្យល់យ៉ាងក្បោះក្បាយពីបែបបទនីតិវិធីត្រួតពិនិត្យសារធាតុញៀន និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដើម្បីរួមចំណែកកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាអោយមានការរីកចម្រើនឡើង ៕