អគ្គនាយកសុីម៉ាក់ បន្តនាំយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រ ជូនដល់មន្រ្តីបុគ្គលិក ដែលកំពុងបំពេញប្រតិបត្តិការនៅកងឯកភាពកំចាត់មីនទី៤ និងកងឯកភាពកំចាត់មីនទី៦
ភ្នំពេញ៖ ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ត្រូវបានយកទៅប្រគល់ជូនដល់មន្រ្តីបុគ្គលិក កម្លាំងប្រតិបត្តិការរបស់អង្គភាពCMAC ដែលកំពុងបំពេញប្រតិបត្តិការនៅតាមបណ្តាខេត្តគោលដៅ។
ក្នុងពិធីប្រគល់ព្រះរាជអំណោយដល់មន្រ្តីបុគ្គលិក កម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ ដែលកំពុងបំពេញប្រតិបត្តិការនៅកងឯកភាពកំចាត់មីនទី១ កងឯកភាពកំចាត់មីនទី២ កងឯកភាពកំចាត់មីនទី៣ មណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ និងរោងជាងកណ្តាល សរុបចំនួនប្រមាណជាង៦០០នាក់ ត្រូវបានធ្វើឡើងនៅកងឯកភាពកំចាត់មីនទី២ ខេត្តបាត់ដំបង កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកស៊ីម៉ាក់ទាំងអស់ សូមថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត និងសូមឧទ្ទិសបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យសិរីមង្គលវិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេ ប្រកបដោយព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខភាពល្អបរិបូរ។
មួយថ្ងៃបន្ទាប់មក ពោលគឺនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅសារមន្ទីរតេជោសន្តិភាពឋិតនៅក្នុងខេត្តសៀមរាប ឯកឧត្តម ហេង រតនា បន្តប្រគល់ព្រះរាជអំណោយដល់មន្រ្តីបុគ្គលិក កម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ ដែលកំពុងបំពេញប្រតិបត្តិការនៅកងឯកភាពកំចាត់មីនទី៤ និងកងឯកភាពកំចាត់មីនទី៦ ដែលមានអ្នកចូលរួមប្រមាណ៣០០នាក់។
មានប្រសាសន៍នៅក្នុងពិធីប្រគល់ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ឯកឧត្តម ហេង រតនា បានលើកឡើងថា ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតនេះបានជួយសម្រាលនូវការលំបាក ក៏ដូចជាការលើកទឹកចិត្តខ្ពស់បំផុតដល់កងកម្លាំងដោះមីនទាំងអស់ព្រមទាំងជំរុញឱ្យថ្នាក់ដឹកនាំ មន្រ្តីនិងបុគ្គលិកស៊ីម៉ាក់ទាំងអស់កាន់តែខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យកាន់តែខ្លាំងកា្លថែមទៀត។
តបចំពោះព្រះរាជគុណូបការៈ និងព្រះរាជហឫទ័យមនុស្សធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះមន្រ្តីទាំងអស់នៃអង្គភាពCMAC កម្លាំងបោសសម្អាតមីនទាំងអស់នឹងខិតខំបំពេញកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្ដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដរបស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍប្រទេស ៕