ឯកឧត្តម ម៉ៅ ធនិន៖ ខេត្តកំពតសម្រេចបាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋ ទទួលលទ្ធផលគួរឱ្យកត់សម្គាល់ ខណៈ២ថ្ងៃនេះ ចែកបណ្ណកម្មសិទ្ធជូនពលរដ្ឋបានជាង ៨ពាន់ក្បាលដី
ភ្នំពេញ៖ ប្រជាពលរដ្ឋមកពីភូមិចំនួន៤ ដែលមានភូមិព្រៃស្បូវ ភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក, ភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី, និងភូមិត្រពាំងច្រនៀង ឃុំស្រែជាខាង ជើង ស្រុកដងទង់ មានមកទទួលបណ្ណកម្មសិទ្ធ (វិញ្ញាបនបត្រសម្គាល់ម្ចាសអចលនវត្ថុ) ពីអាជ្ញាធរខេត្ត និងមន្ទីរជំនាញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលពិធីប្រគល់នេះបានធ្វើឡើងក្នុងបរិវេណសាលាស្រុកឈូក នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់បណ្ណកម្មសិទ្ធ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញចាប់តាំងពីអាណត្តិនៃការដឹកនាំប្រទេសដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតមកដល់អាណត្តិនៃការដឹកនាំបន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចទាំងពីបានដាក់ចេញនូវវិធានការ ក៏ដូចជាការចង្អុលបង្ហាញមកកាន់អាជ្ញាធររាជធានី-ខេត្ត និងមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីតាមបណ្តាខេត្ត ឱ្យពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធដីធ្លី (វិញ្ញាបនបត្រសម្គាល់ម្ចាសអចលនវត្ថុ) ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានឆាប់បំផុត។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ដោយមានការខិតខំប្រឹងប្រែងរវាងមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ខេត្តកំពតសម្រេចបានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដែលជាក់ស្តែងរយៈពេលពីរថ្ងៃនេះ ការចែកបណ្ណកម្មសិទ្ធជូនពលរដ្ឋបានប្រមាណជាង ៨ពាន់ក្បាលដី ដែលនេះបានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញ ក៏ដូចជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា យើងអាចមានពេលវេលាចូលរួមសំណេះសំណាល ព្រមទាំងទទួលបាននូវបណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់របស់រដ្ឋាភិបាលនាពេលនេះ គឺកើតឡើងដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយពលរដ្ឋត្រូវបានគិតគូយ៉ាងដិតដល់ពីប្រមុខដឹកនាំប្រទេស ដូច្នេះយើងទាំងអស់គ្នាមិនត្រូវភ្លេចគុណចំពោះវីរៈភាពនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតីហ៊ុន ម៉ាណែត ដែលជាអ្នកបានផ្តល់នូវអ្វីៗគ្រប់បែបយ៉ាងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជានោះឡើយ។
យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានស្តីទី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា ការចែកបណ្ណកម្មសិទ្ធ (វិញ្ញាបនបត្រសម្គាល់ម្ចាសអចលនវត្ថុ) នាពេលនេះគឺមានចំនួន៤ភូមិ ស្ថិតក្នុងឃុំចំនួន៣ នៃស្រុកដងទង់ ជុំគិរី និងស្រុកឈូក ដែលមានក្បាលដីសរុបចំនួន ៦,៨៤១ក្បាលដី ស្មើនឹង ២,១៣០គ្រួសារ។ ក្នុងនោះភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក មានក្បាលដីសរុបចំនួន ១,១៦០ក្បាលដី ស្មើនឹង ៥១៤គ្រួសារ, ភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក មានក្បាលដីសរុបចំនួន ១,៨៨៥ក្បាលដី ស្មើនឹង ៧៦៦គ្រួសារ, ភូមិខ្ពរុន ឃុំស្រែចែង ស្រុកជុំគិរី មានក្បាលដីសរុបចំនួន ១,៧៦៦ក្បាលដី ស្មើនឹង ៧៥៩គ្រួសារ និងភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ មានក្បាលដីសរុបចំនួន ២,០៣០ក្បាលដី ស្មើនឹង ៩១គ្រួសារ៕