រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយនឹងអង្គការអន្តរជាតិខាងការងារ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោកស្រី Chihoko Asada-Miyakawa ឧបការីអគ្គនាយកអង្គការអន្តរជាតិខាងការងារ និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការអន្តរជាតិខាងការងារ (ILO) លើគម្រោងជាច្រើននៅកម្ពុជា ដែលរួមមានគម្រោងរោងចក្រកាន់តែប្រសើរ គម្រោងការងារសមរម្យ និងកិច្ចការងារកុមារជាដើម។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈពីកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលផ្តោតលើយុវជន ១.៥លាននាក់មកពីគ្រួសារក្រីក្រ ការបណ្តុះបណ្តាលជំនាញឡើងវិញ និងការអនុវត្តការហ្វឹកហ្វឺនកូនជាងជាដើម ដែលជាចំណុចសំខាន់ក្នុងការកសាង និងជំរុញភាពប្រសើរឡើងរបស់កម្មករនិយោជិត និងផលិតភាពការងារនៅកម្ពុជា។ ជាមួយគ្នានេះ ប្រធានបទនៃការពិភាក្សាលើទំនាក់ទំនងវិជ្ជាជីវៈ និងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ក៏ត្រូវបានថ្នាក់ដឹកនាំទាំងពីរជជែក និងផ្លាស់ប្តូរមតិយោបល់ទៅវិញទៅមក ៕