ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធីបតីក្នុងពិធីខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននឹងអាកាសធាតុ” នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤ នៅសាលមហោស្រព ខេត្តក្រចេះ។
ពិធីនេះមានការអញ្ជើញចូលរួមរបស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក លោកស្រី មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងសប្បុរសជននានា។ ពិធីនេះដែរក៍មានការចូលរួមឧបត្ថម និងបរិច្ចាកថវិកា ពីថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសប្បុរសជននានាផងដែរ។
គោលបំណងនៃការរៀបចំពិធីនេះឡើងគឺ៖ ១-ផ្សព្វផ្សាយអំពីខួបទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤។ ២- អំពាវនាវ បង-ប្អូនជនរួមជាំតិ ជាពិសេសសប្បុរសជនគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមជាកម្លាំងមនុស្សធម៌កាន់តែរឹងមាំថែមទៀតជាមួយ កាកបាទក្រហមកម្ពុជា ក្នុងការបន្តដោះស្រាយបញ្ហាប្រឈមនានាដើម្បីពង្រឹងភាពធន់សហគមន៍ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោយបំផុត។ ៣-ផ្សព្វផ្សាយនូវសមិទ្ធផលសំខាន់ៗនិងសកម្មភាពចម្រុះវិស័យដូចភ្លៀងរលឹមដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តក្នុងការដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ឆ្លើយតមគ្រោះបន្ទាន់នានា និងដោះស្រាយផលប៉ះពាល់បង្កដោយការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លងនានា ។ ៤- ការប្តេជ្ញាចិត្តរបស់ កាកបាទក្រហមកម្ពុជាបន្តកិច្ចខិតខំប្រឹងប្រែង និងពង្រីកការអប់រំផ្សព្វផ្សាយស្តីពីការថែទាំងសុខភាពបឋមតាមសហគមន៍ និងពង្រឹងភាពធន់នឹងអាកាសធាតុ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការគន្លឹះនានា ជាពិសេសក្នុងរដូវប្រាំងឆ្នាំនេះ ដែលកម្តៅកើនឡើងខ្ពស់មិនធ្លាប់ដែលមាន ដើម្បីពង្រឹងសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសាកល ធានាសុវត្ថិភាពសុខភាព និងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះកាកបាទក្រហមកម្ពុជា ត្រូវតែលើកកម្ពស់ស្មារតីក្នុងការអនុវត្តវិធានការនានា ដែលត្រូវឆ្លើយតបជាចាំបាច់ ទៅនឹងផលប៉ះបាល់ពីការប្រែប្រួលអាកាសធាតុ ជាពិសេសសម្ពាធនៃការកើនកម្តៅ ដែលកំពុងបង្កឲ្យមានផលប៉ះពាល់ អវិជ្ជមានជាច្រើនដល់ធម្មជាតិ សុខភាពសេដ្ឋកិច្ចល។ល។ ហើយអ្វីដែលសំខាន់បំផុតនោះគឺ ការលើកកម្ពស់ស្មារតីប្រែក្លាយប្រធានបទនេះឲ្យទៅជាការអនុវត្តជាក់ស្តែង តាមរយៈការលើកកម្ពស់ការទទួលខុសត្រូវរបស់សាខា អនុសាខា ឲ្យខិតខំប្រឹងប្រែងបន្តព្រឹងការកសាងសមត្ថភាពសហគមន័នានា ឲ្យទៅជាសហគមន៍ដែលមានសមត្ថភាពទ្រាំទ្របាន ព្រមទាំងបន្សុំាបានទៅនឹងបញ្ហាប្រឈមបង្កដោយការប្រែប្រួលអាកាសធាតុ ហើយខាងផ្នែកសុខភាពវិញ គឺត្រូវតែចាប់ផ្តើមបោះបង់ទម្លាប់មិនល្អមួយចំនួនដែលបំផ្លាញសុខភាពនិងអាយុជីវិតខ្លួនឯងរួចាប់ផ្តើមពុំបង្កែបង្អង់ឡើយ នូវការអនុវត្តសេចក្តីណែនាំ និងវិធានការផ្សេងៗដែលនាំមកនូវសុខភាពល្អ សុវត្ថិភាពសុខភាពទាំងផ្លូវកាយ ផ្លូវចិត្ត នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះដែរ ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលសាលាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ សម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ។
សូមជំរាបជូនផងដែរថា វិភាគទានដែលសប្បុរសជនបានបរិច្ចាកទាំងអស់នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់ដើម្បីបម្រើបុព្វហេតុមនុស្សធម៌ សង្គ្រោះដល់ជនរងគ្រោះ បង្កដោយមនុស្សក្តី ធម្មជាតិក្តី ដែលត្រូវបានការជំនួយជាចាំបាច់ សម្រាប់ជួយសម្រួលទុកលំបាក តាមគោលការណ៏គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឍ្ឍចន្ទក្រហម៕