Mbappe ប្រកាសចាកចេញពី PSG នៅចុងបញ្ចប់នៃរដូវកាលនេះ
បរទេស៖ កីឡាករ Kylian Mbappe បានបញ្ជាក់កាលពីថ្ងៃសុក្រថាគាត់នឹងចាកចេញពីក្លឹប Paris Saint-Germain នៃ Ligue 1 របស់បារាំងនៅចុងបញ្ចប់នៃរដូវកាលនេះដោយមិនបង្ហាញពីទិសដៅបន្ទាប់របស់គាត់។
ប៉ុន្តែបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានឲ្យដឹងថាគាត់នឹងចូលរួមជាមួយក្លឹបយក្សនៅ La Liga Real Madrid ក្រោយរដូវកាលនេះចប់។
Kylian Mbappe បានឲ្យដឹងនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមថា ខ្ញុំចង់ប្រកាសប្រាប់អ្នកទាំងអស់គ្នាថាវាជាឆ្នាំចុងក្រោយរបស់ខ្ញុំនៅ Paris Saint-Germain។
កីឡាករអន្តរជាតិបារាំងរូបនេះបានចូលរួមជាមួយ PSG ក្នុងលក្ខខណ្ឌខ្ចីជើងពី Monaco ក្នុងឆ្នាំ២០១៧ ហើយបានចុះហត្ថលេខាជាផ្លូវការជាមួយក្រុមដែលមានមូលដ្ឋាននៅរដ្ឋធានីបន្ទាប់ពីរដូវកាលនេះបានបញ្ចប់សម្រាប់តម្លៃផ្ទេរ ១៨០លានអឺរ៉ូ។
ក្នុងអំឡុងពេលប្រាំពីរឆ្នាំរបស់គាត់ជាមួយក្រុមកីឡាករ Kylian Mbappe បានជួយក្លឹបឱ្យឈ្នះជើងឯកលីកចំនួន០៦ និងពានរង្វាន់ French Cup ចំនួន ០៣ដង ដោយបង្ហាញខ្លួន ៣០៦ដង និងស៊ុតបញ្ចូលទីបាន ២៥៥គ្រាប់ ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្រុម។
កីឡាករវ័យ ២៦ឆ្នាំរូបនេះបានបន្តថា វាជាអារម្មណ៍ជាច្រើន ជាច្រើនឆ្នាំដែលខ្ញុំមានឱកាស និងកិត្តិយសដ៏អស្ចារ្យក្នុងការក្លាយជាសមាជិកនៃក្លឹបដ៏ធំបំផុតរបស់បារាំង ដែលជាក្លឹបដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។
កីឡាកររូបនេះបានបន្ថែមថា វាបានអនុញ្ញាតឱ្យខ្ញុំមកដល់ទីនេះ ដើម្បីទទួលបាននូវបទពិសោធន៍ដំបូងរបស់ខ្ញុំនៅក្នុងក្លឹបដែលមានសម្ពាធច្រើន រីកចម្រើនជាកីឡាករ ពិតណាស់ តាមរយៈការនៅជាមួយក្រុមដែលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ជើងឯកដ៏អស្ចារ្យបំផុតមួយចំនួន។
វាពិបាក ហើយខ្ញុំមិនដែលគិតថា វានឹងពិបាកយ៉ាងនេះក្នុងការប្រកាសថា ប៉ុន្តែខ្ញុំគិតថាខ្ញុំត្រូវការវា ដែលជាបញ្ហាប្រឈមថ្មីមួយ បន្ទាប់ពីប្រាំពីរឆ្នាំ។
PSG បានឈ្នះពាន Ligue 1 នៃរដូវកាលនេះរួចហើយ ហើយបានឈានដល់វគ្គផ្តាច់ព្រ័ត្រ French Cup ដែលពួកគេនឹងត្រូវប្រជែងយកជើងឯកទល់នឹង Lyon នៅថ្ងៃទី២៥ ខែឧសភា។
ទោះជាយ៉ាងណាក៏ដោយនៅក្នុងក្របខ័ណ្ឌ Champions League ដែលក្រុមភាគច្រើនប្រាថ្នាចង់រកបាន ពួកគេបានទទួលរងនូវការខកចិត្តមួយផ្សេងទៀត ខណៈដែលពួកគេត្រូវបានជម្រុះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីត្រូវបានក្រុម Borussia Dortmund នៃក្របខ័ណ្ឌ Bundesliga ចាញ់ទាំងពីរជើង។