ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញចូលរួមពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស នៅវិមាន ៧មករា
ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកខុទ្ទកាល័យ រួមជាមួយ ឯកឧត្តម អឿង ចន្ថា និងឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី៨០ នៅវិមាន ៧មករា។
ពិធីបិទវគ្គនាពេលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល។
ជាមួយទឹកមុខសប្បាយរីករាយ សិក្ខាកាមទាំងអស់បានបង្ហាញនូវសេចក្តីគោរពដឹងគុណដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលអនុញ្ញាតឱ្យមានវគ្គអប់រំនយោបាយជាបន្តបន្ទាប់ ដើម្បីបង្កើនចំណេះដឹងដល់សិក្ខាកាមជាមន្រ្តីបក្សមកពីក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត ជាពិសេសបង្កើនស្មារតីសាមគ្គីភាព ស្រឡាញ់បក្ស ពង្រឹងសមត្ថភាពត្រិះរិះពិចារណា ក្នុងការដឹកនាំចាត់ចែងអនុវត្តនូវគោលនយោបាយមាគ៌ាបក្ស សំដៅរក្សាភាពខ្លាំងរឹងមាំរបស់គណបក្សដើម្បីបន្តរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។
សូមបញ្ជាក់ថា គណបក្សបានបើកវគ្គបណ្តុះបណ្តាលអប់រំនយោបាយដល់មន្រ្តីគណបក្សគ្រប់ថ្នាក់ ដើម្បីបំពាក់បំប៉នលើកកម្ពស់ធនធានមនុស្សរបស់គណបក្សដែលជាគោលការណ៍ដ៏សំខាន់មួយមិនអាចខ្វះបាន តាំងពីដើមរៀងមក ហើយក្នុងវគ្គសិក្សារយៈពេល៦ថ្ងៃនេះសិក្ខាកាមបានទទួលនូវពុទ្ធិថ្មីៗ ដ៏មានសារសំខាន់ពីសំណាក់គ្រូឧទ្ទេសប្រកបដោយបទពិសោធន៍ ទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង ស្របតាមខ្លឹមសារនៃប្រធានបទនីមួយៗ ៕