រដ្ឋមន្ត្រីព័ត៌មាន៖ រូបភាព រួមទាំងខ្លឹមសារដែលកើតចេញពីមហោស្រពតន្ត្រី និងចម្រៀងកុមារ នឹងប្រែក្លាយទៅជាការអប់រំ ចំណេះដឹង ដែលជាប្រយោជន៍យូរអង្វែងសម្រាប់បំណិនជីវិត
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងលោកជំទាវ ទុយ សេរីរតនៈ នេត្រ ភក្ត្រា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបើកមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៤។ ពិធីខាងលើនេះ បានប្រព្រឹត្តទៅយ៉ាងឱឡារិក នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពីសាលាបឋមសិក្សាទាំងរដ្ឋ និងឯកជន ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានមានប្រសាសន៍ថា មហោស្រពតន្ត្រី និងចម្រៀងកុមារ នឹងផ្ដល់ឱកាសដល់ក្មួយៗ កុមារា កុមារី បានបញ្ចេញនូវសមត្ថភាព ក៏ដូចជាទេពកោសល្យរបស់ខ្លួន តាមរយៈសិល្បៈតន្ត្រី និងចម្រៀង ដែលមានចរិតលក្ខណៈបែបផែនសម្រាប់កុមារ និងដើម្បីប្រែក្លាយរូបភាព ព្រមទាំងខ្លឹមសារ ដែលកើតចេញពីព្រឹត្តិការណ៍នេះ ទៅជាការអប់រំ និងចំណេះដឹង ដែលជាប្រយោជន៍យូរអង្វែងសម្រាប់បំណិនជីវិត ដោយមានន័យថា ការសិក្សា ការអប់ផ្សារភ្ជាប់ជាមួយសិល្បៈតន្ត្រី។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា តាមរយៈបទពិសោធន៍ នៅតាមបណ្ដាប្រទេសនានាលើពិភពលោក សិល្បៈពិតជាមានលក្ខណៈយ៉ាងខ្លាំងក្លា ទៅលើចិត្តគំនិតរបស់បុគ្គលគ្រប់ៗរូប ហើយក្រៅពីមានតួនាទីជាចំណីអារម្មណ៍របស់មនុស្សគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ ហើយនោះ សិល្បៈក៏មានតួនាទីយ៉ាងសំខាន់សម្រាប់ផ្សារភ្ជាប់ទៅនឹងជីវិតមនុស្សដោយមិនអាចកាត់ផ្ដាច់ឃ្លាតពីគ្នាបានឡើយ។ ដូច្នេះកុមារក៏ត្រូវតែមានចំណីអារម្មណ៍របស់ពួកគេផ្ទាល់ ដែលជាចំណែកមួយ នៅក្នុងវិធីអប់រំទាំងឡាយ ដើម្បីបណ្ដុះនិស្ស័យល្អៗ របស់កុមាឱ្យស្ថិតនៅលើវិថីមួយប្រកបដោយសេចក្ដីថ្លៃថ្នូរនៃមនុស្សជាតិ និងដើម្បីឱ្យក្លាយជាទំពាំងស្នងឬស្សីរបស់ប្រទេសកម្ពុជា ទៅថ្ងៃអនាគត។
ឆ្លៀតនៅក្នងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ជាពិសេសលោកជំទាវ ច័ន្ទ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងក្រុមការងារ ដែលបានផ្ដួចផ្ដើមគំនិត និងខិតខំរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារនេះឡើង។
លើសពីនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះឯកឧត្ដម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានខិតខំប្រឹងប្រែងស្វែងរកការគាំទ្រថវិការបន្ថែមពីសប្បុរសជននានា សម្រាប់គាំទ្រមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៤នេះ ឆ្លើយតបតាមការស្នើសុំរបស់ក្រសួង បន្ថែមពីលើថវិការជាតិដែលទទួលបានការគាំទ្រស្រាប់។
សូមជម្រាបផងដែរថា មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៤នេះ គឺជាលើកទី៩ ដែលក្រសួងព័ត៌មានរៀបចំដោយផ្ទាល់ បន្ទាប់ពីបានខកខានផលិតអស់រយៈពេល ៤ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩ ៕