នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាននៅបញ្ជាការដ្ឋានទ័ពពិសេស
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាននៅបញ្ជាការដ្ឋានទ័ពពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។
ពិធីនេះដោយមានការចូលរួមពីប្រតិភូអមដំណើរ នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេស ជាច្រើនរូបផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា ថ្ងៃនេះមានក្តីសោមនស្សសប្បាយរីករាយក្រៃលែងដោយ បានមកសួរសុខទុក្ខ សំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពពិសេស ការជួបជុំគ្នាដ៏ច្រើនកុះករ នាពេលនេះ គឺស្របពេលនឹងការគម្រប់ខួបលើកទី ៤៦ឆ្នាំ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ១២ ឧសភា ១៩៧៨ – ១២ ឧសភា ២០២៤ ។
ឆ្លៀតឱកាសនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានពាំនាំបណ្តាំសាកសួរសុខទុក្ខ នឹករលឹក ពីសំណាក់ ឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេសទាំងអស់។ តាមរយៈអស់លោកដែលវត្តមាននៅទីនេះ សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខចំពោះគ្រួសារ ដែលមានប្អូនស្រីជាភរិយា ក្មួយជាកូន ជាចៅ លោកឪពុក អ្នកម្តាយរបស់អស់លោកទាំងអស់ ជាមួយនិងការជូនពរសូមមាន សុខភាពល្អបរិបូរណ៍ ជន្មាយុវែង សម្បូរទ្រព្យ ចម្រើនបញ្ញា គ្រប់ក្រុមគ្រួសារមានសុភមង្គល ធ្វើដំណើរទៅឆ្ងាយជិត តាមមធ្យោបាយទឹក គោក អាកាស សូមប្រកបដោយសុវត្ថិភាព ។
នាយឧត្តមសេនីយ៍ មេបញ្ជាការ បានបន្តថា ព្រះរាជាណាចក្រកម្ពុជាយើងមានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីពេញលេញបាន ២៦ឆ្នាំ ៧ខែ និង ១៦ថ្ងៃហើយ។ បន្ទាប់ពីប្រទេសធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្រ្គាមនាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និងរបបប្រល័យពូជសាសន៍អស់រយៈពេល ២៨ឆ្នាំ ៨ខែ និង ១១ថ្ងៃ គិតត្រឹមថ្ងៃនេះ ពេលនេះ តែបើក្រឡេកត្រឡប់ទៅអានប្រវត្តិសាស្ត្រកម្ពុជានោះនឹងឃើញថា នេះជាលើកដំបូងហើយដែលប្រទេស និងប្រជាជនកម្ពុជា ស្គាល់ពាក្យសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ក្នុងរយៈជាង ៥០០ឆ្នាំ។ សន្តិភាពពិតជាមានតម្លៃព្រោះសន្តិភាពបាននាំឱ្យយើងជួបជុំក្រុមគ្រួសារ សប្បាយរីករាយ សន្តិភាពផ្តល់ឱកាសឱ្យយើងនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍនោះហើយ បានផ្តល់ជីវភាពរស់កាន់តែប្រសើរឡើងជាបណ្តើរៗ។ សន្តិភាពនេះ គឺបានកើតឡើងពីនយោបាយឈ្នះឈ្នះ ដែលដឹកនាំ និងបង្កើតឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ឆ្លៀតឱកាសនេះ យើងទាំងអស់គ្នានៅទីនេះសូមថ្លែងអំណរគុណ និងសូមជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមសម្តេចមានសុខភាពល្អបរិបូរណ៍ ជន្មាយុវែងបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែអភិវឌ្ឍ ជឿនលឿនបន្ថែមទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងនូវការអបអរសាទរជាមួយ និងសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់រីកដុះដាលលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល។ កងយោធពលខេមរភូមិន្ទយើងក៏បានរួមចំណែកបង្កើតស្នាដៃ និងសមិទ្ធផលមានជាអាទិ៍៖ ការចូលរួមផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេស សង្រ្គោះអាយុជីវិតប្រជាជនកម្ពុជានាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ការទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ធ្វើជាស្នូលក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ ចូលរួមស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទំនប់ ប្រឡាយ ធារាសាស្ត្រ ដោះម៉ីនរំដោះដីស្រែជូនប្រជាជន ការពារសន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបបទល្មើស ការពារ ធនធានធម្មជាតិ គាំទ្រស្ថាប័នប្រមូលចំណូលថវិកាជាតិរាប់ពាន់ម៉ឺនលានដុល្លារ សង្រ្គោះប្រជាជនពេលជួបគ្រោះមហន្តរាយ និងចូលរួមថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ លើកកម្ពស់កិត្យានុភាពព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។ល។