ឯកឧត្តម ម៉ៅ ធនិន៖ ការសាមគ្គីភាពយ៉ាងស្អិតរមួតរវាងគណៈអភិបាល និងក្រុមប្រឹក្សាបានធ្វើឱ្យខេត្តកំពតមានការអភិវឌ្ឍន៍លើគ្រប់វិស័យ
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដែលបានរៀបចំឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានលើកឡើងថា ឯកឧត្តមសូមវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងខ្លាំង ចំពោះលទ្ធផលការងារដែលខេត្តសម្រេចបាននាពេលកន្លងមក។ ឯកឧត្តមបានបញ្ជាក់ថា ដោយសារទំនាក់ទំនង និងការសាមគ្គីភាពយ៉ាងស្អិតរមួតរវាងគណៈអភិបាល និងក្រុមប្រឹក្សាខេត្ត ការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ធ្វើឱ្យខេត្តមានការអភិវឌ្ឍន៍លើគ្រប់វិស័យ គម្រោងអភិវឌ្ឍន៍នានាគ្មានការរាំងស្ទះ ការថែក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការផ្តល់សេវាផ្សេងៗមានភាពល្អប្រសើរ ពលរដ្ឋមានជីវភាពធូរធា និងមានភាពកក់ក្តៅ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត។ ឯកឧត្តមរំពឹងថា សម្រាប់អាណត្តិក្រោយ ខេត្តកំពតនឹងកាន់តែមានភាពល្អប្រសើរថែមទៀត ព្រោះសមាសភាពសមាជិក្រុមប្រឹក្សាចាស់រក្សាបានច្រើន។ ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងកោតសរសើរផងដែរដល់ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ដែលបានលះបង់ពេលវេលា បញ្ញាស្មារតី កម្លាំងកាយចិត្ត ក្នុងការបំពេញការងារបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋឱ្យសម្រេចបានលទ្ធផលល្អ ដើម្បីឆ្លើយតបតាមការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តមក៏បានកោតសរសើរដល់ស្នាដៃដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលបានធ្វើឱ្យខេត្តកំពតផ្លាស់ប្តូរមុខមាត់ថ្មី និងកាន់តែមានភាពល្បីល្បាញទាំងក្នុងតំបន់ និងឆាកអន្តរជាតិ។ ឯកឧត្តមបានស្នើដល់ថ្នាក់ដឹកនាំខេត្ត សមាជិក សមាជិការ ក្រុមប្រឹក្សាខេត្តអាណត្តិក្រោយៗ សូមបន្តរក្សាសាមគ្គីភាពល្អ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍន៍ខេត្ត និងការងារផ្តល់សេវារផ្សេងៗជូនដល់ប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស និងកាន់តែមានប្រសិទ្ធភាពខ្ពស់៕