ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលស្ពានលើទំនប់អាងទឹកថ្មី ក្នុងខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ នៅថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញនាយកដ្ឋាន សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលស្ពានលើទំនប់អាងទឹកថ្មី ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោកប្រធាននាយកដ្ឋានវិស្វកម្មមានប្រសាសន៍ថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោងជួសជុលស្ពានលើទំនប់អាងទឹកថ្មី សម្រេចបានប្រមាណ ៥៥%។ ក្នុងឱកាសនោះ លោក ថាំង វីយុទ្ធដា បានណែនាំដល់មន្ត្រីអនុវត្តការងារនៅតាមការដ្ឋានឱ្យបន្តយកចិត្តទុកដាក់លើគុណភាព និងបច្ចេកទេស ជាពិសេស បច្ចេកទេសចងសរសៃដែកធ្នឹមស្ពាន និងការងារក្តារពុម្ព ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១៤៩២ហិកតា និងរដូវប្រាំងចំនួន ២៧៩ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ៧៨ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៤១៨គ្រួសារ ៕