ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងទូតឥណ្ឌូណេស៊ី វាយតម្លៃជាវិជ្ជមានចំពោះចំណងការទូត នៃប្រទេសទាំងពីរ
ភ្នំពេញ៖ លទ្ធផលប្រកបដោយវិជ្ជមាននៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូណេស៊ី ត្រូវបានកត់សម្គាល់ដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងជំនួបជាមួយឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងជំនួបនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានអបអរសាទរចំពោះឯកឧត្ដមបណ្ឌិត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា និងអបអរសាទរចំពោះលទ្ធផលជាច្រើន ដែលឯកអគ្គរដ្ឋទូត អាណត្តិមុនៗសម្រេចបាន ក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូណេស៊ី អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានបង្ហាញការជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា ឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ នឹងបន្តគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូណេស៊ី និងឥណ្ឌូណេស៊ី-អាស៊ាន ឱ្យកាន់តែប្រសើរឡើងថែមទៀតលើគ្រប់វិស័យ។
ឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ បានអបអរសាទរឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសកម្ពុជា ។
ឯកឧត្ដមបណ្ឌិតអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក៏បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្ដល់កិច្ចសហការ និងយកចិត្តទុកដាក់សម្របសម្រួលដល់ការគាំពារពលរដ្ឋឥណ្ឌូណេស៊ី កំពុងរស់នៅកម្ពុជា។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជាថ្មីម្ដងទៀត បានជូនពរឯកឧត្ដមបណ្ឌិតឯកអគ្គរដ្ឋទូត និងសហការី មានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕