ទូតឥណ្ឌូណេស៊ី ថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែលផ្ដល់កិច្ចសហការ និងយកចិត្តទុកដាក់សម្របសម្រួលដល់ការគាំពារពលរដ្ឋឥណ្ឌូណេស៊ី កំពុងរស់នៅកម្ពុជា
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្ដល់កិច្ចសហការ និងយកចិត្តទុកដាក់សម្របសម្រួលដល់ការគាំពារពលរដ្ឋឥណ្ឌូណេស៊ី កំពុងរស់នៅកម្ពុជា។ ការលើកឡើងឱ្យដឹងបែបនេះក្នុងជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាមួយឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងជំនួបនោះ ឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ បានអបអរសាទរឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃកម្ពុជា នឹងបន្តរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាជននៃប្រទេសកម្ពុជា៕