ឧបនាយករដ្ឋមន្តី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក)
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ឯកឧត្តម លោកជំទាវ បុគ្គលិកអប់រំមកពី សាកលវិទ្យាល័យទាំង ៩ ដែលជាសមាជិកនៃបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា។
កិច្ចប្រជុំនេះបានពិភាក្សាផ្តោតលើ ផែនការសកម្មភាព និងលំដាប់លំដោយនៃកម្មវិធី ដែលក្នុងនោះរួមការធ្វើបទបង្ហាញអំពីដំណើរការនៃការរៀន និងបង្រៀន (Simulation/Virtual Classroom) និងពិព័រណ៌តាំងបង្ហាញរំលេចអំពីសមិទ្ធផល និងទិសដៅបន្ទាប់ ការរៀបចំស្តង់ពិព័រណ៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ និងអនុសាសន៍ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី។
ដើម្បីជំរុញប្រសិទ្ធភាពការងារឱ្យសម្រេចបានតាមការគ្រោងទុក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំក្រុមការងារ ឱ្យបន្តយកចិត្តទុកដាក់រៀបចំកម្មវិធីនេះ ឆ្លុះបញ្ចាំងភាពជាម្ចាស់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ផ្ដោតបង្ហាញអំពីយុទ្ធសាស្ត្រកំណែទម្រង់ឧត្តមសិក្សា រៀបចំពិព័រណ៍សមិទ្ធផលសម្រេចបានកន្លងមក ដោយសម្រិតសម្រាំងយកសមិទ្ធផលខ្លឹមៗដាក់បង្ហាញ និងរំលេចពីផែនការយុទ្ធសាស្ត្រជំហានបន្ទាប់ ឱ្យឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់វិស័យអប់រំថ្មីៗ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីបង្ហាញពីឆន្ទៈក្នុងការចូលរួមគិតគូរ និងអនុវត្ដ ក្នុងគោលដៅរួមចំណែកជំរុញដល់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចសង្គមជាតិ។
គួររំលឹកដែរថា បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងកែលម្អគុណភាព និងសមធម៌នៃការអប់រំឧត្តមសិក្សា ដើម្បីកសាងសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គមផ្អែកលើចំណេះដឹង ដោយក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ “កម្មវិធីវិនិយោគសាធារណៈអនុវិស័យឧត្តមសិក្សា ២០២២-២០២៣ ស្តីពីបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា” នៅខែមិថុនា ឆ្នាំ២០២២។ ដើម្បីអាចវាស់ផលសម្រេចនៃវត្ថុបំណងកម្មវិធីវិនិយោគនេះ មានសូចនាករវត្ថុបំណងអភិវឌ្ឍន៍កម្មវិធីវិនិយោគ ចំនួន០៣ ដូចជា៖ (សូចនាករ ១). ចំនួនមុខវិជ្ជាដែលបានដាក់ឱ្យប្រើប្រាស់ក្នុងកម្មវិធីបណ្ដាញសាកលវិទ្យាល័យសាយប័រ (សូចនាករ ២). ចំនួនកម្មវិធីសិក្សាបរិញ្ញាបត្រដែលអនុវត្តកម្មវិធីបណ្ដាញសាកលវិទ្យាល័យសាយប័រ និង (សូចនាករ ៣). ចំនួនគ្រឹះស្ថានដែលមាន និងដំណើរការហេដ្ឋារចនាសម្ព័ន្ធសាកលវិទ្យាល័យសាយប័រ៕