សម្តេច ម៉ែន សំអន បន្តជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ស្រុកចន្ទ្រា ស្រុកស្វាយទៀប និងក្រុងបាវិត នៃខេត្តស្វាយរៀង
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៃខេត្តស្វាយរៀងដែលបានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា បានឈ្នះការបោះឆ្នោតព្រឹទ្ធសភានាពេលកន្លងទៅ និងសូម បន្តគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកនៅថ្ងៃទី ២៦ ខែឧសភា ខាងមុខនេះ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តគ្រប់គ្រងនិងដឹកនាំក្រុមប្រឹក្សា ខេត្ត និងក្រុង ស្រុកបន្តទៀត។
សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងបែបនេះក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងអង្គបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ស្រុកចន្ទ្រា ស្រុកស្វាយទាប និងក្រុងបាវិត នៃខេត្តស្វាយរៀង នារសៀលថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។
ពិធីសំណេះសំណាលនាឱកាសនេះ មានការអញ្ជើញចូលរួមពី សមាជិកសមាជិកា ក្រុមការងារគណបក្ស គណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក រួមនឹងអង្គបោះឆ្នោតសរុបជាង ៤០០នាក់។ ជាមួយគ្នានោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានថ្លែងអំណរគុណដល់ សមាជិក សមាជិកា ក្រុមការងារគណបក្សថ្នាក់ជាតិ និងក្រុមការងារថ្នាក់ក្រោមជាតិ ដែលបាន រួមគ្នាបំពេញការងារនាពេលកន្លងមក និងបានលើកទឹកចិត្តឲ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដណ្តើមយកជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោត នាពេលខាងមុខ។ ដើម្បីធានានូវនិរន្តរភាពនៃជ័យជ្នះ សម្តេចកិត្តិសង្គហបណ្ឌិត បានណែនាំ ឱ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ត្រូវ បន្តសាមគ្គីភាពដោយការទទួលខុសត្រូវខ្ពស់ បន្តថែរក្សាសុខភាព និងប្រុងប្រយ័ត្នចំពោះឯកសារបោះឆ្នោត បន្តរួមគ្នាអនុវត្ត ផែនការឆ្ពោះ ទៅដណ្តើមបាននូវជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដើម្បីបន្តជំរុញ និងលើកកម្ពស់ដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងចូលរួមទាំងអស់គ្នាអនុវត្ត នូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបន្ត ពង្រឹងបាន នូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ សង្គមលើគ្រប់វិស័យ នាំមក វិបុលសុខ វិបុលភាពជូនប្រជាពលរដ្ឋយើង។
យោងតាមលទ្ធផលផ្លូវការនៃការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត នៅទូទាំងប្រទេស មាន ក្រុង ស្រុក ខណ្ឌចំនួន ២០៩ ឃុំ សង្កាត់ ១.៦៥២ ការិយាល័យបោះឆ្នោត ២០៩ ចំនួន អង្គបោះឆ្នោត ១១.៦២២នាក់ ស្ត្រី ២.៥៧៤នាក់ ដោយឡែកសម្រាប់ខេត្តស្វាយរៀង មាន ៨ ក្រុង ស្រុក ៨០ ឃុំ សង្កាត់ សមាជិកអង្គបោះឆ្នោត ៥១៨នាក់ និងស្ត្រី ១៣០នាក់ ៕