អភិបាលខេត្តកំពត ស្នើឱ្យអ្នកពាក់ព័ន្ធចូលរួមបង្កើនការលើកកម្ពស់វិស័យទេសចរណ៍ ពិសេសរក្សាសេចក្តីថ្នៃថ្នូរ និងកិត្តិយសរបស់ខេត្តតាមរយៈការទទួលបដិសណ្ឋាកិច្ចល្អ
ភ្នំពេញ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានប្តេជ្ញាថានឹងធ្វើឱ្យខេត្តកំពតក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ រដ្ឋបាលខេត្តមានគម្រោងជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ខេត្ត ទន្ទឹមនឹងនោះឯកឧត្តមក៏បានសំណូមពរដល់មន្ត្រីជំនាញ អាជ្ញាធរ ពិសេសប្រតិបត្តិករ និងអ្នកផ្តល់សេវាទេសចរណ៍ អាជីវក សូមចូលរួមរក្សាសេចក្តីថ្នៃថ្នូរ និងកិត្តិយសរបស់ខេត្ត តាមរយៈការទទួលបដិសណ្ឋាកិច្ចល្អ រមណីយដ្ឋានស្អាត និងសេវាកម្មជឿទុកចិត្តបាន។
ថ្លែងក្នុងពិធីកិច្ចប្រជុំរវាងរដ្ឋបាលខេត្តជាមួយវិស័យឯកជន ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកំពត នៅសាលសន្និសិទបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែឧសភា ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ដោយផ្អែកតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងផ្អែកតាមសក្តានុពលរបស់ខេត្តកំពត រដ្ឋបាលខេត្តនឹងធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាវិស័យស្នូល ដើម្បីជួយទ្រទ្រង់ដល់សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ។ រដ្ឋបាលខេត្តបានបន្តដាក់ចុះនូវគម្រោងអភិវឌ្ឍន៍ជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកសម្រាកកម្សាន្តនៅខេត្តកំពតកាន់តែច្រើន។
ឯកឧត្តមអភិបាលខេត្តបានប្តេជ្ញាថា នឹងធ្វើឱ្យខេត្តកំពតក្លាយជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសក្លាយជាខេត្តតំបន់ឆ្នេរដែលមានភាពលេចធ្លោជាងគេ (អ្វីដែលខេត្តផ្សេងមាន ខេត្តកំពតមាន តែអ្វីដែលខេត្តកំពតមាន ខេត្តផ្សេងមិនមាន)។
ឯកឧត្តមបានស្នើដល់មន្ត្រីជំនាញ អាជ្ញាធរ ពិសេសប្រតិបត្តិករទេសចរណ៍ សូមរក្សាឱ្យបាននូវបដិសណ្ឋាកិច្ចល្អ រមណីយដ្ឋានស្អាត សេវាកម្មជឿទុកចិត្តបាន ពិសេសរក្សាឱ្យបាននូវតម្លៃសមរម្យ មិនមានការតម្លើងថ្លៃ មានភាពស្មោះត្រង់ក្នុងការលក់ដូរ ដើម្បីទទួលបានការទុកចិត្តពីសំណាក់ភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តក្នុងខេត្ត។
នៅក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តមក៏បានដោះស្រាយនូវសំណើ និងសំណូមពរ របស់ប្រតិបត្តិករទេសចរណ៍ ដែលបាននិងកំពុងជួបប្រទះផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យការងារផ្តល់សេវាទេចរណ៍កាន់តែល្អប្រសើរ។
ជាងនេះទៅទៀត ឯកឧត្តមក៏បានបង្ហាញអំពីចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ជាច្រើនទៀត មានដូចជា បង្កើតសេវាកម្សាន្តតាមដៃព្រែកនានា ការបង្កើតផ្សារលើទឹក និងគម្រោងបង្កើតឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយបន្ថែមទៀតជាដើម៕