មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំកម្ពុជា ចូលរួមវេទិកាតំបន់អាស៊ាន ស្តីពីការទទួលបានគុណភាពនៃការគាំពារ និងអប់រំកុមារតូច
ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយឯកឧត្តម ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច និងលោកស្រីសាស្ត្រាចារ្យបណ្ឌិត បូ ច័ន្ទគុលកា ប្រធាននាយកដ្ឋានគោលនយោបាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមវេទិកាតំបន់អាស៊ាន ស្ដីពីការទទួលបានគុណភាពនៃការគាំពារ និងអប់រំកុមារតូច (Southeast Asia Regional Forum on ensuring Equal Access Quality Early Childhood Care and Education) នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
វេទិកានេះ ប្រមូលផ្ដុំភាគីពាក់ព័ន្ធមកពីតំបន់អាស៊ានដូចជាប្រទេសជាសមាជិកអាស៊ាន តំណាងដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល អ្នកស្រាវជ្រាវ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងឱកាសក្នុងការផ្ដល់នូវសិទ្ធិទទួលបានការគាំពារ និងការអប់រំកុមារតូចប្រកបដោយគុណភាព បានស្មើគ្នា។ វេទិកានេះ បានពិភាក្សាដោយផ្ដោតលើប្រធានបទសំខាន់ៗដូចខាងក្រោម៖
១. ពង្រឹងការផ្ទេរកុមារពីកម្មវិធីគាំពារ និងអប់រំកុមារតូច ទៅបន្តការសិក្សានៅកម្រិតបឋមសិក្សា
២. ការលើកកម្ពស់សមត្ថភាពគ្រូមត្តេយ្យសិក្សា អ្នកថែទាំកុមារ និងមាតាបិតា
៣. ការគាំទ្រថវិកាសម្រាប់ការគាំពារ និងអប់រំកុមារតូច
៤. ការគាំពារ និងអប់រំកុមារតូច និងបម្រែបម្រួលអាកាសធាតុ
ក្នុងវេទិកានោះ ឯកឧត្ដម ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច បានចូលរួមជាវាគ្មិនក្នុងវេទិកាពិភាក្សា និងចែករំលែកលើប្រធានបទ ស្តីពីពង្រឹងការផ្ទេរកុមារពីកម្មវិធីគាំពារ និងអប់រំកុមារតូច ទៅបន្តការសិក្សានៅកម្រិតបឋមសិក្សា ដោយផ្ដោតលើ៖ ១). គំរូនៃការផ្ដល់សេវាអប់រំកុមារតូច ២). សកម្មភាពគោលនយោបាយអាទិភាពសម្រាប់ការគាំពារ និងអប់រំកុមារតូច ៣). បទពិសោធន៍ ក្នុងពង្រឹងការផ្ទេរកុមារពីកម្មវិធីគាំពារ និងអប់រំកុមារតូច ទៅបន្តការសិក្សានៅកម្រិតបឋមសិក្សា។