មេដឹកនាំកូរ៉េខាងជើង ចុះត្រួតពិនិត្យប្រព័ន្ធអាវុធមីស៊ីលយុទ្ធសាស្ត្រ
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃពុធ ទី១៥ ខែឧសភា ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យប្រព័ន្ធអាវុធមីស៊ីលយុទ្ធសាស្ត្រ ដែលនឹងត្រូវបានដំឡើងថ្មីនៅអង្គភាពមីស៊ីលនៃកងទ័ពរបស់ខ្លួន។
លោក គីម ជុងអ៊ុន បានសម្តែងការពេញចិត្តចំពោះការផលិតប្រព័ន្ធមីស៊ីលនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ហើយបានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ណាស់ក្នុងការអនុវត្តផែនការផលិតកម្មយោធានៅឆ្នាំនេះ ដោយបន្ថែមថា វានឹងនាំមកនូវរបកគំហើញក្នុងការត្រៀមលក្ខណៈយោធាសម្រាប់សង្គ្រាម។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍បន្តថា ឧបករណ៍បាញ់កាំជ្រួចដែលផលិតក្នុងឆមាសទីមួយនៃឆ្នាំនេះ នឹងត្រូវបានដំឡើងនៅអង្គភាពវាយប្រហារភ្លើងខាងលិច ដែលទទួលបន្ទុកបេសកកម្មវាយប្រហារភ្លើងដ៏សំខាន់។
កាលពីសប្តាហ៍មុន លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យប្រព័ន្ធអាវុធកាំភ្លើងធំរបស់ប្រទេស ហើយបានចូលរួមការបាញ់សាកល្បងអាវុធបែបនេះ។