ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញប្រារព្ធទិវាអន្តរជាតិស្ដីពីគ្រួសារ ១៥ ឧសភា ក្រោមប្រធានបទ គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ច
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ជាប្រធានគណៈកម្មការជាតិ ពិគ្រោះយោបល់គោលនយោបាយចំពោះគ្រួសារ អញ្ជើញចូលរួម ជាអធិបតី ក្នុងទិវាជាតិ ស្ដីពីគ្រួសារ ១៥ ឧសភា ខួបលើកទី៣០ ឆ្នាំ២០២៤ ក្រោមប្រធានបទ គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដែលមានអ្នកចូលរួមសរុបប្រមាណ៤០០នាក់។
ពាក់ព័ន្ធនឹងប្រធានបទនេះ ក្នុងសារលិខិតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិ ស្ដីពីគ្រួសារ បានបង្ហាញយ៉ាងច្បាស់នូវអត្ថន័យថា គ្រួសារពិតជាកោសិកាមួយដ៏សំខាន់ក្នុងការដើរតួនាទីជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យមានគុនភាពខ្ពស់ និងសុខុមាលភាពល្អ ដែលជាទ្រព្យសកម្មដ៏រឹងមាំ ដើម្បីបន្តរក្សាបានសុខសន្តិភាព និងបង្កើនតម្លៃសេដ្ឋកិច្ច លើកតម្លៃវប្បធម៌ បង្កើតគំនិតថ្មីៗ សំដៅឆ្ពោះទៅសម្រេចបាននូវគោលដៅចីរភាព រយៈពេលវែងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ឯកឧត្តម ជា សុមេធី បានថ្លែងថា ទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ជាទិវាមួយដែលប្រទេសនានា លើពិភពលោក តែងប្រារព្ធឡើង ជារៀងរាល់ឆ្នាំ។
ដោយឡែកសម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៥ ខែឧសភា ជាទិវាអន្តរជាតិស្តីពីគ្រួសារ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលជានិច្ចកាលតែងតែទទួលស្គាល់គុណតម្លៃរបស់គ្រួសារ ជាកោសិកាសង្គមដ៏មានសារសំខាន់ក្នុងការអប់រំសីលធម៌ ចរិយាធម៌ ដល់ សមាជិកគ្រួសារ ដើម្បីក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ។ឯកឧត្តម បានបន្តថា ប្រទេសកម្ពុជាក៏ដូចជាប្រទេសនានា ក្នុងពិភពលោកទាំងមូល សុទ្ធតែទទួលរងផលប៉ះពាល់ពីការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។
រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ទាំងផ្ទាល់ និងប្រយោលដើម្បីទប់ទល់នឹងវិបត្តិដែលកើតឡើងដោយសារជំងឺកូវីដ-១៩ ក្នុងគោលដៅស្ដារជីវភាពរបស់ ប្រជាជនទូទៅ ជាពិសេសប្រជាជនដែលរងគ្រោះនិងងាយរងគ្រោះ និងប្រជាជនក្រីក្រ តាមរយៈការអនុវត្ត កម្មវិធីជំនួយសង្គមជាច្រើន ដែលអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ឯកឧត្តមគូសបញ្ជាក់បន្ថែមថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដឹកនាំអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានមូលនិធិជាតិជំនួយសង្គមជាប្រតិបត្តិករ។ កម្មវិធីនេះបានសមាហរណកម្មកម្មវិធីចំនួន៤បញ្ចូលគ្នា រួមមាន៖ រួម ១. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ – ២.-កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ – ៣.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព – ៤. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង) និងមានរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និងឧបត្ថម្ភសមាជិក គ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលចាប់ផ្តើមអនុវត្តជាផ្លូវការនៅក្នុងអំឡុងខែមេសា ឆ្នាំ ២០២៤។ រាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ និងចាត់វិធានការជាច្រើន ដើម្បីលើកស្ទួយកម្រិតជីវភាព របស់ប្រជាជន និងសុខុមាលភាពរបស់គ្រួសារក្នុងគោលដៅរួមចំណែកអភិវឌ្ឍសង្គម និងធ្វើសុខដុមនីយកម្មតាម រយៈការបង្កើតឱ្យមានច្បាប់ គោលនយោបាយ និងបទប្បញ្ញត្តិជាច្រើនពាក់ព័ន្ធនឹងការងារលើកកម្ពស់តម្លៃគ្រួសារ។
លើសពីនេះទៀត ដើម្បីកសាងគ្រួសារឱ្យមានសុភមង្គល រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅអភិវឌ្ឍមួយចំនួនរួមមាន៖- ការលុបបំបាត់ភាពក្រីក្រ និងភាពអត់ឃ្លាន- ការសម្រេចបាននូវការអប់រំមូលដ្ឋានសម្រាប់ទាំងអស់គ្នា- បង្កើនការអប់រំសីលធម៌សង្គម តម្លៃស្ត្រី និងតម្លៃគ្រួសារ- បង្កើនការអប់រំគ្រួសារបែបវិជ្ជមានដល់ឪពុកម្តាយ អាណាព្យាបាល កាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ-ការបង្កើនសុខុមាលភាពមាតា និងទារក និងការកាត់បន្ថយអត្រាមរណភាពកុមារ- ការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍ គ្រុនចាញ់ និងជំងឺផ្សេងៗទៀត- ការរៀបចំបង្កើនភាពដៃគូសម្រាប់ការអភិវឌ្ឍន៍- បន្តសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍនានា ក្នុងការជួយដល់ គ្រួសារក្រីក្រ រួមទាំងជនរងគ្រោះនិងងាយរងគ្រោះ ដូចជា ជនអនាថា ជនដែលត្រូវគេជួញដូរ ជនផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ជាដើម ដោយផ្តល់សេវាថែទាំ គាំទ្រផ្នែកអប់រំ សុខាភិបាល ស្តារនីតិសម្បទា និងសមាហរណកម្មទៅកាន់សហគមន៍វិញ ៕