សិស្សានុសិស្សជាង ៥០០នាក់ មកពីគ្រប់រាជធានីខេត្ត បំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សិស្សានុសិស្សថ្នាក់ទី១១ នៃវិទ្យាល័យជ្រោយចង្វា វិទ្យាល័យព្រែកលាភ វិទ្យាល័យកោះដាច់ និងសិស្សានុសិស្សមកពីគ្រប់រាជធានីខេត្ត ដែលចូលរួមកម្មវិធីប្រឡងសិស្សពូកែថ្នាក់ជាតិ សរុបចំនួន៥៣០នាក់ រៀបចំដោយសាលារាជធានីភ្នំពេញ និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានបំពេញទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ។
ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនេះផងដែរ ឯកឧត្តម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងបានបញ្ជាក់ជូនអំពីសារបានសំខាន់ៗនៃចំណុចប្រវត្តិសាស្ត្រកម្ពុជាដល់សិស្សានុសិស្សផងដែរ។
ដោយទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវ និងសាងសង់វិមានឈ្នះ ឈ្នះ នាយទាហាន អង្គភាពសេនាតេជោ និងក្រុមការងារវិមានឈ្នះ ឈ្នះ បានទទួលស្វាគមន៍វត្តមានរបស់សិស្សានុសិស្សនៅវិមានឈ្នះ ឈ្នះ និងបានរៀបចំមគ្គុទ្ទេសក៍ឧទ្ទេសនាមជូនផងដែរ។
សិស្សានុសិស្សបានស្វែងយល់អំពីប្រវត្តិសាស្ត្រជាតិ ពិសេសពាក់ព័ន្ធនឹងដំណើរសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណើរការស្វែងរកសន្តិភាព និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោហ៊ុន សែន ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
តាមរយៈទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សបានស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រជាតិដែលមានចារឹកក្នុងចម្លាក់ គំនូរ សួន ស្ថាបត្យកម្មនានានៅវិមានឈ្នះ ឈ្នះ ក៏ដូចជាបានប្រាស្រ័យទាក់ទងគ្នាប្រកបដោយភាពសុខដុមក្នុងការសិក្សា និងយល់ពីគុណតម្លៃនៃសន្តិភាពតាមរយៈនយោបាយឈ្នះ ឈ្នះដែលមាននៅទីតាំងវិមានឈ្នះ ឈ្នះ ៕