សម្ដេចតេជោ ហ៊ុន សែន៖ កង្វល់របស់វៀតណាម ចំពោះព្រែកជីកហ្វូណនតេជោ មិនមែនជារឿងចាំបាច់ឡើយ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសឲ្យទម្លាក់ចោលរាល់ក្ដីកង្វល់ទាំងឡាយរបស់សាធារណៈមតិ ពិសេសភាគីវៀតណាម ចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលពោរពេញដោយអត្ថប្រយោជន៍ និងសក្ដានុពលខ្លាំងក្លាដល់ប្រទេសកម្ពុជា ។
តាមរយៈការថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីកហ្វូណន-តេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោមួយនេះ មិនមានប៉ះពាល់ដល់បណ្ដាប្រទេសនានា ពិសេសប្រទេសវៀតណាម ឬផលប៉ះពាល់ដល់បរិស្ថានណាមួយនោះឡើយ ដូច្នេះក្ដីកង្វល់ទាំងឡាយដែលលើកឡើងជាបន្ដបន្ទាប់ពីសំណាក់ភាគីវៀតណាម ហើយចុះផ្សាយតាមសារព័ត៌មានបរទេសនោះ មិនមែនជារឿងចាំបាច់នោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «យើងសង្កេតឃើញថា មានសារព័ត៌មានខ្លះក៏នៅបង្ហាញកង្វល់ រាប់ទាំងជនជាតិវៀតណាមខ្លះ ក៏បានសរសេរអត្ថបទកាសែត យកទៅចុះផ្សាយជាមួយកាសែតបរទេសផ្សេងទៀត ទាក់ទងនឹងកង្វល់។ ពិតណាស់ថា កង្វល់គឺជារឿងត្រឹមត្រូវប៉ុន្ដែសម្រាប់ករណីព្រែកជីកហ្វូណន តេជោ កង្វល់គឺគ្មានការចាំបាច់នោះទេ។ ដែលយើងបានធ្វើត្រឹមត្រូវទៅលើក្រឹត្យក្រម ហើយយើងសូមបញ្ជាក់ថា យើងមិនបានបំពានណាមួយទៅលើក្រមខ័ណ្ឌទាក់ទងបរិស្ថានសម្រាប់ខ្លួនឯង ឬសម្រាប់ការខូចខាតណាមួយ របស់ប្រទេសជិតខាងយើង ទាំងនៅប៉ែកខាងលើ និងនៅប៉ែកខាងក្រោម គឺវៀតណាមនេះឯង»។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ព្រែកជីកហ្វូណនតេជោ ជាផលប្រយោជន៍ខាងសេដ្ឋកិច្ច និងឯករាជ្យផ្នែកនយោបាយដឹកជញ្ជូនរបស់កម្ពុជា។ សម្ដេចបន្ដទៀតថា ព្រែកជីកហ្វូណនតេជោ នឹងជួយបង្កើនឧត្តមភាព នៃការប្រកួតប្រជែងទីផ្សារផលិតផលផលិតនៅកម្ពុជា ខណៈនៅពេលបច្ចុប្បន្ននេះ កម្ពុជាមិនអាចប្រកួតប្រជែងឈ្នះគេនោះទេ បើតម្លៃដើមផលិតផលខ្ពស់។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ព្រែកជីកហ្វូណនតេជោ នឹងជួយឲ្យប្រព័ន្ធស្រោចស្រប់នៅភាគនិរតីប្រទេសកម្ពុជា ហើយការទាញយកទឹកទៅស្រោចស្រប់ មិនធ្វើឲ្យបាត់បង់ទឹករហូតដល់៥០ភាគរយនោះទេ។ បន្ថែមពីនេះ ព្រែកជីកហ្វូណនតេជោ នឹងជួយរំដោះទឹកពេលកម្ពុជាមានជំនន់ទឹកភ្លៀង នឹងជួយបង្កើនផលត្រី និងការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋផងដែរ។ លើសពីនេះ ព្រែកជីកហ្វូណនតេជោ ក៏នឹងរួមចំណែកជួយដល់វិស័យទេសចរណ៍ ហើយប្រជាពលរដ្ឋនឹងទាញបានប្រយោជន៍ពីការធ្វើទេសចរណ៍ទៀតផង៕