កម្ពុជាជំរុញការចូលរួមសំដៅផ្លាស់ប្តូរឥរិយាបថ និងទម្លាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងការរស់នៅស្អាត បៃតង និងចីរភាព
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពេលអញ្ជើញជាអធិបតីបើកវេទិកាស្តីពីសកម្មភាពអាកាសធាតុសាកល ២០២៤ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែ ឧសភា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា បច្ចុប្បន្នការប្រែប្រួលអាកាសធាតុ ពិតជាកំពុងធ្វើឱ្យប៉ះពាល់ ដល់ជីវភាពប្រចាំថ្ងៃ សេដ្ចកិច្ចសង្គមជាតិ។ ក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងការរស់នៅស្អាត បៃតង និងចីរភាព ដែលបានកំណត់ជាមុំយុទ្ធសាស្រ្តនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។
ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋកម្ពុជា និងសិស្សានុសិស្សជាង៨លាននាក់ ដែលស្មើនឹងជាងពាក់កណ្តាល នៃចំនួនប្រជាពលរដ្ឋសរុប បានកំពុងចូលរួម ក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិក» ហើយក្រសួងបរិស្ថាន បានកំពុងបន្តទៅជំហ៊ាន២ ដោយពិធីប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បើឱ្យកម្ពុជាកាន់តែស្អាត និងមានផាសុខភាព។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា កម្ពុជាបានកំណត់យកកាត់បន្ថយ ការបញ្ជេញឧស្ម័នផ្ទះកញ្ជក់ ឱ្យបានអតិបរិមានៅសូន្យ នៅឆ្នាំ២០៥០ តាមរយៈការបង្កើនគម្របព្រៃឈើ ឱ្យបាន៦០% ដោយបណ្តុះ និងចែកកូនឈើ ឱ្យបាន ១លានដើមជូនដល់សាធារណជន ដាំដោយឥតគិតថ្លៃ ការប្រើប្រាស់ថាមពលករកើតឡើងវិញ ការប្រើប្រាស់រថយន្តអគ្គិសនី និងការណែនាំពីបច្ចេកវិទ្យាថ្មីៗជាដើម។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ប្រើប្រាស់ វិធានប្រតិបត្តិសម្រាប់មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់ដោះស្រាយបញ្ហាប្រឈមការប្រែប្រួលអាកាសធាតុដោយប្រសិទ្ធភាព ជាពិសេសបានជំរុញនិងលើកទឹកចិត្តដល់កម្ពុជា ក្នុងការធ្វើអាជីវកម្មកាបូនប្រកបដោយតម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដាអន្តរជាតិ។
សូមបញ្ចាក់ថា ក្រសួងបរិស្ថានកម្ពុជាបានរៀបចំវេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុសាកល ២០២៤ នៅថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានការសហការជាមួយមូលនិធិ W Foundation និងមានការចូលរួមពីសមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រុមការងារអន្តរក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គទូតនានា ដៃគូរអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជនប្រមាណជា ៣០០ក្រុមហ៊ុន ដែលមានអ្នកចូលរួមសរុបប្រមាណ ៥០០នាក់។
វេទិកានេះ មានគោលបំណងផ្តល់ឱកាសសម្រាប់កិច្ចពិភាក្សាបង្កើនការយល់ដឹងអនាគតកម្ពុជាពីទស្សនៈទាន និងសកម្មភាពប្រែប្រួលអាកាសធាតុ អព្យាក្រឹត្យកាបូន និងការធ្វើពានិជ្ជកម្មឥណទានកាបូននៅលើពិភពលោក ៕