អភិបាលខេត្តកំពត ស្នើឱ្យអាជីវករ សេវាករ ក្នុងខេត្តទាំងអស់ត្រូវប្រើភាពស្មោះត្រង់ដើម្បីរក្សាកំណើនភ្ញៀវទេសចរ
ភ្នំពេញ៖ ថ្លែងទៅកាន់បងប្អូនអាជីវករ សេវាករ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងអ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍នៅទូទាំងខេត្តកំពត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើឱ្យបងប្អូនយើងដែលជាអ្នកលក់ដូរ អ្នកផ្តល់សេវាកម្មផ្នែកទេសរណ៍ក្នុងខេត្តទាំងអស់ ត្រូវប្រើប្រាស់ភាពស្មោះត្រង់ទៅកាន់ភ្ញៀវទេសចរ ក្នុងការផ្តល់សេវា ក៏ដូចជាការលក់ដូរផលិតផលផ្សេងៗ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ការផ្តល់ភាពស្មោះត្រង់ទៅកាន់ភ្ញៀវទេសចរនោះ គឺយើងត្រូវផ្តល់នូវទំនុកចិត្តជូនពួកគាត់ ដោយមិនត្រូវមានការកេងបន្លំ ឬយកតម្លៃលើសការកំណត់របស់ខ្លួននោះឡើយ។
ឯកឧត្តមអភិបាលខេត្តបានស្នើដល់អាជីវករដែលលក់ផ្លែទុរេនកំពតទាំងអស់ ត្រូវធ្វើយ៉ាងណាធានាបានថា ទុរេនដែលលក់ជូនភ្ញៀវទេសចរ គឺជាទុរេនកំពតពិតប្រាកដ មិនមានការក្លែងបន្លំ ព្រោះទុរេនខេត្តកំពតគឺជាទុរេនដែលទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស រហូតដល់ក្រៅប្រទេស។ ពាក់ព័ន្ធនឹងផលិតផលផ្លែទុរេននេះផងដែរ ដើម្បីផ្តល់ភាពងាយស្រួល និងធានាថាជាទុរេនកំពតពិតប្រាកដ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវយន្តការដោយឱ្យមន្ទីរជំនាញពាក់ព័ន្ធធ្វើការវាយតម្លៃ និងបិទស្លាកសម្គាល់លើទុរេនកំពត ដើម្បីជៀសវាងការក្លែងបន្លំ។
ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ដល់អាជីវករ សេវាករ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងកន្លែងកម្សាន្តនានាក្នុងខេត្តត្រូវរួមគ្នារក្សាឱ្យបាននូវកំណើនភ្ញៀវទេសចរជាតិ និងអន្តរចជាតិឱ្យបានច្រើនបន្ថែមទៀត តាមរយៈការផ្តល់នូវភាពស្មោះត្រង់ទៅកាន់ទេសចរ ដើម្បីជាផលប្រយោជន៍របស់យើងទាំងអស់គ្នា និងដើម្បីការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដោយកុំធ្វើអ្វីឱ្យខុសឆ្គងដូចជា ការយកតម្លៃលើសពីការស្នាក់នៅ ការតម្លើងថ្លៃម្ហូបអាហារ ការលក់ដូរក្លែងបន្លំ ដែលធ្វើឱ្យបាត់បង់ទំនុកចិត្តពីភ្ញៀវទេសចរ។
តាមការបញ្ជាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានឱ្យដឹងថា រដ្ឋបាលខេត្តមានចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ជាច្រើនទៀតបន្ថែមទៀតទៅថ្ងៃមុខ មានដូចជា បង្កើតឱ្យមានសេវាកម្សាន្តតាមដៃព្រែកទាំង១៣ក្នុងខេត្ត ការបង្កើតផ្សារលើទឹក ពិសេសគម្រោងបង្កើតឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយបន្ថែមទៀត ដើម្បីឱ្យខេត្តកំពតក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕