វិទ្យាស្ថានNPIC ប្រារព្ធខួប១៩ឆ្នាំ ជាមួយនឹងមោទកភាពនៃការបណ្តុះបណ្តាលធនធានបច្ចេកទេសនៅកម្ពុជា
ភ្នំពេញ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានប្រារព្ធខួបលើកទី១៩ឆ្នាំនៃការបង្កើតវិទ្យាស្ថាន ដែលបាននិងកំពុងផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សបច្ចេកទេសគ្រប់កម្រិតជូនសង្គមជាតិ។ កម្មវិធីនេះមានការចូលរួមក្រោមអធិបតីភាពឯកឧត្តមប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីជាន់ខ្ពស់របស់ក្រសួងជាច្រើនរូប និងសិស្ស-និស្សិត រួមទាំងអ្នកចូលរួមសរុបប្រមាណ៦ពាន់នាក់។
ថ្លែងទៅកាន់អង្គពិធីឯកឧត្តមបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានកត់សម្គាល់ថា ក្នុងអំឡុងពេល១៩ឆ្នាំមកនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានក្លាយជាវិទ្យាស្ថានឈានមុខមួយលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសគ្រប់កម្រិតដែលត្រូវបានសហគមន៍ជាតិ និងអន្តរជាតិបានទទួលស្គាល់។
ឯកឧត្តមបណ្ឌិត ប៊ុន ភារិន លើកឡើងថា៖ “ថ្ងៃនេះ យើងទាំងអស់គ្នាពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានរៀបចំខួបអនុស្សាវរីយ៍គម្រប់១៩ឆ្នាំ នៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ វិទ្យាស្ថានបានកំណត់ទស្សនវិស័យ និងបេសកកម្មរបស់ខ្លួន គឺធ្វើឱ្យទៅជាវិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសគំរូ ដែលនាំមុខគេក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយមនសិការវិជ្ជាជីវៈ មានស្មារតីស្នេហាជាតិមាតុភូមិ និងរួមចំណែកអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកទេស និងសង្គម”។
ក្រៅពីនេះ ឯកឧត្តមប្រធានវិទ្យាស្ថានបានរំលឹកពីប្រវត្តិនៃការកសាងវិទ្យាស្ថានដ៏ទំនើបមួយនេះដោយអះអាងថាចំណងដៃនៃទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូង។
ឯកឧត្តមបណ្ឌិត ប៊ុន ភារិនព បន្តថា៖ “វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា គឺជាផ្លែផ្កាដ៏ត្រចះត្រចង់មួយ នៃកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ដែលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ១១ហិចតា ចំណាយអស់ទឹកប្រាក់ប្រមាណ៣២លានដុល្លារអាមេរិក។ ក្នុងនោះមាន២៨លានដុល្លារអាមេរិកជាកម្ចីសម្បទានរបស់សាធារណៈរដ្ឋកូរ៉េ និង៤លានដុល្លារជាប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា”។
គួរបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ត្រូវបានដាក់សម្ពោធឱ្យដំណើរការនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៥ លើផ្ទៃដីចំនួន១១ហិកតាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាមួយនឹងសិស្សានុសិស្សចូលសិក្សាដំបូងប្រមាណ២០០នាក់ ប៉ុន្តែបច្ចុប្បន្នវិទ្យាស្ថានកំពុងបណ្តុះបណ្តាលសិស្ស និងនិស្សិតប្រមាណ ៧.០០០នាក់។
ក្រៅពីពិធីគម្រប់ខួប១៩ឆ្នាំ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក៏មានប្រារព្ធពិព័រណ៍ការងារដោយមានកិច្ចសហការជាមួយទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA) និងសន្និសីទវិទ្យាសាស្ត្រលើកទី៣ ក្រោមប្រធានបទ «វិទ្យាសាស្រ្ត វិស្វកម្ម និងបច្ចេកវិទ្យាបៃតង»ផងដែរ ៕