ឯកឧត្តម នេត្រ ភក្ត្រា៖ គ្មានគណបក្សណាមួយអាចមកជំនួស តួនាទីដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជាក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍបានឡើយ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងថា គ្មានគណបក្សណាមួយអាចមកជំនួស តួនាទីដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជាក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍបានឡើយ។
ការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា បែបនេះក្នុងឱកាស អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំងសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកក្នុងខេត្តក្រចេះនៅថ្ងៃបើកយុទ្ធនាការនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាបានរស់ឡើងវិញក្រោមដំបូលនៃសុខសន្តិភាព។ សន្តិភាពពេញលេញដែលចេញមកពីការយកជីវិតធ្វើជាដើមទុន លះបង់គ្រប់បែបយ៉ាង របស់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងការសង្គ្រោះជាតិកម្ពុជាចេញពីរបបខ្មែរក្រហម ប៉ុល ពត, ខិតខំប្រឹងប្រែងស្តារ និងកសាងជាតិឡើងវិញពីបាតដៃទទេ និងការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «បិតាសន្តិភាពកម្ពុជា» មគ្គុទ្ទេសក៏ឯកនៃនយោបាយឈ្នះឈ្នះ ដើម្បីរំលាយអង្គការចាត់តាំងនយោ បាយនិងយោធាខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ មានឯកភាពជាតិ ឯកភាពទឹកដីដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំចុងក្រោយ របស់កម្ពុជា។
ឯកឧត្ដមបន្តថា កម្ពុជាដែល ពេលនេះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ទាំងការទូត សេដ្ឋកិច្ច និងសង្គមកិច្ច មានកិត្យានុភាពជាតិ និងពលរដ្ឋរស់ក្នុងភាពសុខសាន្តក្រោមដំបូលនៃសន្តិភាពដែលរកបានដោយពិបាកនេះ។ ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជាបានពុះពារឆ្លងកាត់បណ្តាដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិប្រកបដោយវីរភាព លើមូលដ្ឋានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវ គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ឯកឧត្ដមបន្ថែមថា ទាំងអតីតកាល បច្ចុប្បន្ន និងទៅអនាគត, គណបក្សប្រជាជនកម្ពុជាជាកម្លាំងនយោបាយតែមួយគត់ដែលបានដឹកនាំការប្រយុទ្ធ ផ្តួលរំលំរបបប្រល័យពូជសាសន៍ សង្គ្រោះជាតិឲ្យរស់រានមានជីវិតឡើងវិញ និងគ្មានគណបក្សណាមួយអាចមកជំនួស តួនាទីដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជាក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍបានឡើយ ហើយគណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជន ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ៕