សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Lee Joong Keun ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤។
ក្រុមហ៊ុន Booyoung Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៣ ដែលជាក្រុមហ៊ុនឯកទេសរបស់កូរ៉េ ក្នុងវិស័យអចលនទ្រព្យ។ នៅកម្ពុជា ក្រុមហ៊ុន Booyoung Group មានគម្រោងចំនួន ៦ ក្នុងវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ ការអប់រំ និងទេសចរណ៍ (សណ្ឋាគារ និងទីលាន វាយកូនហ្គោល) ហើយគម្រោងដែលគួរឱ្យកត់សម្គាល់មួយចំនួនមានដូចជា បុរី ប៊ូយ៉ុង ថោន និងធនាគារ ប៊ូយ៉ុង ខ្មែរ។
នាពេលកន្លងមក ក្រុមហ៊ុន Booyoung Group ក៏បានបរិច្ចាគ រថយន្តក្រុងចំនួន ១,០០០គ្រឿងដល់រាជរដ្ឋាភិបាល និងបានជួយសាងសង់អគារសិក្សាចំនួន ៣០០ខ្នង រួមជាមួយនឹងការបរិច្ចាគក្តារខៀនចំនួន ៤០,០០០ផងដែរ ៕