រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ យុទ្ធនាការ”កម្ពុជាស្អាត ខ្មែរធ្វើបាន”គឺមានសារៈសំខាន់ជួយឱ្យប្រទេសស្អាត រស់នៅស្អាត និងទាក់ទាញភ្ញៀវទេសចរ
ភ្នំពេញ៖ ក្នុងយុទ្ធនាការថ្មីដែលមានឈ្មោះថា”កម្ពុជាស្អាត ខ្មែរធ្វើបាន” ជាកម្មវិធីមួយដែលមានសារៈសំខាន់ ចំពោះប្រជាពលរដ្ឋដោយក្នុងនេះក្រៅពីជួយឱ្យប្រទេសស្អាត ភូមិឃុំស្អាតហើយ នៅជួយឱ្យទាក់ទាញវិស័យទេសចរណ៍ថែមទៀត។
ថ្លែងប្រាប់បណ្តាញសារព័ត៌មាននាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងពីធីប្រកាសបើកយុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន នៅទូទាំងស្រុកអូរាំងឪ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងយុទ្ធនាការថ្មីនេះសង្ឃឹមថានឹងទទួលជោគជ័យបន្ថែមទៀតក្រោយពីយុទ្ធនាការកាត់បន្ថយប្លាស្ទិកប្រើពេលមិនដល់មួយឆ្នាំដោយទទួលបានជោគជ័យរួចមក។សម្រាប់យុទ្ធនាការថ្មីនេះក្រសួងរំពឹងថាអាចនឹងទទួលជោគជ័យក្នុងរយៈពេល១ឆ្នាំដោយជោគជ័យនេះគឺសំដៅទៅលើតាមភូមិទូទាំងប្រទេសកម្ពុជារួមគ្នាចេញមកសម្អាតជុំវិញផ្ទះ ជុំវិញសាលារៀន មន្ទីរពេទ្យ វត្តអារាមដែលពេលនោះប្រទេសយើងនឹងស្អាតហើយ។
ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ”យុទ្ធនាការនេះសំខាន់ព្រោះធ្វើឱ្យកម្ពុជាស្អាត ផ្ទះយើងស្អាត កាលណាផ្ទះយើងស្អាតយើងមានអនាម័យល្អ សុខភាពល្អ រៀនឆ្លាតវ៉ៃ រៀនពូកែ។ ស្អាតផ្ទះយើងស្អាតភ្ញៀវទេសចរណ៍មកលេង ទាំងនេះឯងនាំឱ្យមានចំណូល នាំមកនូវភាពសប្បាយរីករាយនៅក្នុងក្រុមគ្រួសារ”។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ផ្តើមចេញពីស្រុកអូរាំងឪ និងផ្តើមដាក់ចេញនៅយុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើប្រាសថង់ផ្លាសស្ទិក រហូតដល់ពេលនេះមានប្រជាជនជាងពាក់កណ្តាលពោលគឺលើសពី៥០ភាគរយបានរួមគ្នាកាត់បន្ថយប្រើប្រាស់ប្លាស្ទិកដែលទាំងនេះបង្ហាញថាពួកគាត់បានយល់ពីផលប៉ះពាល់បា្លស្ទិក។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ដែរថាតាមរយៈយុទ្ធនាការកាត់បន្ថយប្លាស្ទិកកន្លងមកឃើញថាចំនួនថង់បា្លស្ទិកនាំចូលប្រទេសកម្ពុជាកន្លងមកមានចំនួន៧៥%ហើយ ដោយក្នុងនេះយើងនៅសល់តែ២៥ភាគរយទៀតទេ។អញ្ចឹងទេយើងឃើញថាដល់ពេលយើងចេញមកសម្អាតតាមភូមិឃុំ របស់យើងហើយ។យើងមិនជោគជ័យ១០០%ទេ តែយ៉ាងហោចណាស់ក៏៨០ទៅ៩០%ដែរ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ថា សម្រាប់យុទ្ធនាការថ្មីនេះ ដល់ពេលយើងចេញមកសំអាតតាមផ្លូវ តាមផ្ទះ អញ្ចឹងក្មួយៗជួយផង ក្មួយជួយបានអត់ ក្នុងយុទ្ធនាការថ្មី “កម្ពុជាស្អាត ខ្មែរធ្វើបាន”។
ជាមួយគ្នានេះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងដោយបញ្ជាក់បន្ថែមថាកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងបរិស្ថានបានបើកយុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ។ យុទ្ធនាការនេះដើម្បីកាត់បន្ថយ កាត់បន្ថយដល់កម្រឹតមួយ ដែលថាថង់ប្លាស្ទិកបោះចោលបានលើសចំនួន៥០% នៃចំនួនប្រជាជនកម្ពុជាយើង ដើម្បីដាក់យុទ្ធនាការបន្ត សម្អាតកម្ពុជា ខ្មែរអាចធ្វើបាន មូលហេតុធ្វើយ៉ាងណាដើម្បីឱ្យកាត់បន្ថយឱ្យច្រើនជាអតិបរិមាសិន បើយើងកាត់បន្ថយមិនបានច្រើន មិនបានលើស៥០ភាគរយនោះ ប្រមូលសំអាតក៏អត់ជោគជ័យដែរ មានន័យថាយើងការពារសិន ហើយយើងព្យាបាល ហើយកម្ពុជាស្អាត ខ្មែរធ្វើបានគឺយើងព្យាបាលហើយ ៕