ក្រសួងការងារ ប្រកាសបដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Cambodia Daily ដែលបានមួលបង្កាច់មកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមបដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន ខេមបូឌាដេលី (The Cambodia Daily ) កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ដែលបានមួលបង្កាច់មកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ការផ្សាយនេះ គឺជាការប្រឌិតនូវព័ត៌មានមិនពិតដែលធ្វើឱ្យមានការយល់ច្រឡំ មួលបង្កាច់បង្អួចកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាល និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលនេះជាទង្វើគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌សារព័ត៌មាន និងគ្មានការទទួលខុសត្រូវ។
នេះមិនមែនជាលើកទី១ ទេ ដែលខេមបូឌាដេលី បានផ្សព្វផ្សាយព័ត៌មានដែលគ្មានការពិត និងបំផ្លើសរបៀបនេះ ដើម្បីយកមកធ្វើជាឈ្នាន់បិទបាំងសកម្មភាពនយោបាយជ្រុលនិយម លាបពណ៌ និងវាយប្រហារមកលើប្រមុខ រាជដ្ឋាភិបាលកម្ពុជា និងឯកឧត្តម ហេង សួរ ដើម្បីលាភសក្ការៈរបស់ខ្លួនតែប៉ុណ្ណោះ។
សារព័ត៌មាន ខេមបូឌាដេលី ត្រូវតែសុំទោសជាសារធារណៈ និងកែតម្រូវការផ្សាយរបស់ខ្លួនជាបន្ទាន់។ អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន និងកុំចែកចាយបន្តចំពោះអត្ថបទដែលគ្មានការពិត និងគ្មានវិជ្ជាជីវៈខាងលើនេះ៕