កម្ពុជា អរគុណសហព័ន្ធស្វីស ចំពោះការផ្តល់ជំនួយយ៉ាងថ្លៃថ្លា ក្នុងវិស័យសុខាភិបាល
ភ្នំពេញ៖ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ផែន សាវនី អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pedro Zwahlen ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួង។
ក្នុងអំឡុងពេលនៃជំនួបនេះ លោកជំទាវ ផែន សាវនី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហព័ន្ធស្វីស ដែលបានផ្តល់ជំនួយដ៏មានតំលៃមិនអាចកាត់ថ្លៃបានដល់កម្ពុជា និងផ្តល់កិច្ចសហការជិតស្និទ្ធ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ជាពិសេសលើវិស័យសុខាភិបាល ដែលរួមមានទាំងការចូលរួមចំណែកដល់ការងារដ៏ល្អប្រសើរយ៉ាងខ្លាំងដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់កុមារ និងស្ត្រីកម្ពុជា ផងដែរ។
ឯកឧត្តម Pedro Zwahlen បានសម្តែងនូវការពេញចិត្តចំពោះការបន្តភាពជាដៃគូរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗរួមទាំងសុខភាព។
ភាគីទាំងពីរបានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងក្របខ័ណ្ឌអន្តរជាតិ ៕