អភិបាលខេត្តក្រចេះស្តីទី អញ្ជើញបើកបវេសនកាល នៃសាលាពុទ្ធិកសិក្សាទូទាំងខេត្ត ឆ្នាំសិក្សា២០២៤-២០២៥
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ លោក ហេង សុថា អភិបាលខេត្តក្រចេះស្តីទី បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល នៃសាលាពុទ្ធិកសិក្សាទូទាំងខេត្ត ឆ្នាំសិក្សា២០២៤-២០២៥ ដែលប្រព្រឹទ្ធធ្វើឡើងនៅសាលាពុទ្ធិកអនុវិទ្យាល័យ សា សាន-ជា ឆោម សង្កាត់ក្រចេះ ក្រុងក្រចេះ និងការនិមន្តចូលរួមពីព្រះមេគណ-អនុគណ ព្រះមន្រ្តីសង្ឃទាំង២គណៈ សមណសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។ លោក ហេង សុថា អភិបាលខេត្តស្តីទី បានលើកឡើងថា របាយការណ៍ដ៏ក្បោះក្បាយនេះ គឺជាមូលដ្ឋានគ្រឹះពង្រឹងវិស័យអប់រំនៅសាលាពុទ្ធិកសិក្សា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសីលធម៌ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម សុខដុមនីយកម្មសាសនា ជំរុញការគោរពប្រតិ្តបត្តិសាសនា និងការសិក្សាអប់រំ តាមពុទ្ធសាសនា ដែលមានគម្ពីរព្រះត្រៃបិដកជាគោល និងពាហិរសាសនា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ រហ័សហួន និងពោរពេញដោយថាមពលរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីបើកបវេសនកាលសាលាពុទ្ធិកសិក្សារួមទូទាំងខេត្តសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នាឱកាសនេះ គឺត្រូវបានរៀបចំឡើងដោយមន្ទីរធម្មការ និងសាសនាខេត្ត សហការជាមួយសាលាគណខេត្តទាំងពីរគណៈ តាមការណែនាំរបស់ក្រសួងធម្មការ និងសាសនា ដែលមានអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិជាសេនាធិការ បានដាក់ចេញនូវផែនការបើកបវេសនកាលសិក្សា កម្មវិធីសិក្សា ផែនការប្រឡងប្រចាំឆ្នាំ បូករួមទាំងវគ្គបណ្ដុះបណ្ដាលគណៈគ្រប់គ្រងសាលា និងគ្រូពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីលើកកម្ពស់ការអប់រំវិស័យពុទ្ធិកសិក្សាឱ្យស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកនូវវិស័យអប់រំជាវិស័យអាទិភាពទី១ ឈានឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ សមត្ថភាព ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមនិងកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន ក៏ដូចជាស្របតាមគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា នាពេលបច្ចុប្បន្ន និងទៅអនាគត។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត សូមសំណូមពរដល់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងមន្ទីរធម្មការ និងសាសនាខេត្ត បន្តយកចិត្តទុកដាក់ពង្រឹង និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅក្នុងខេត្តក្រចេះ ឱ្យកាន់តែមានការរីកចម្រើន ជាពិសេសការលើកកម្ពស់ការអប់រំនៅតាមសាលាពុទ្ធិកសិក្សានៅក្នុងខេត្តក្រចេះឱ្យកាន់តែល្អប្រសើរ។ ម្យ៉ាងវិញទៀត កំណែទម្រង់ប្រព័ន្ធគ្រប់គ្រង និងដឹកនាំសាលា គឺជាការចូលរួមចំណែកគាំទ្រនិងអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានាពេលអនាគត រក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជា។ លោកសង្ឃឹមយ៉ាងមុតមាំថា ក្នុងពិធីបើកបវេសនកាលសិក្សាឆ្នាំថ្មីនេះ សមណសិស្សទាំងអស់ នឹងខិតខំសិក្សារៀនសូត្រ ត្រង់ត្រាប់ ដើម្បីអភិវឌ្ឍន៍ចំណេះដឹង ក៏ដូចជាការអប់រំស្មារតី និងពុទ្ធិយកទៅចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ក្នុងវិស័យព្រះពុទ្ធសាសនា និងសង្គមជាតិកម្ពុជា ៕