ប្រធានរដ្ឋសភាកូរ៉េ អបអរសាទរអំពីជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតី នៅសាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម គីម ជីនផ្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា និងសហការី នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅសាធាណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅសាធារណរដ្ឋកូរ៉េ និងបានអបអរសាទរចំពោះលទ្ធផលល្អប្រសើរនៃជំនួបរវាងឯកឧត្តមប្រធានាធិបតីកូរ៉េ និងសម្តេចធិបតី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ព្រមជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ចំពោះការដំឡើងកម្រិតទំនាក់ទំនងកូរ៉េ-កម្ពុជាដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលនេះនឹងកាន់តែចូលរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត។
ឯកឧត្តមប្រធានរដ្ឋសភា ក៏បានអរគុណសម្តេចធិបតី ដែលបានចូលរួមថ្លែងសុន្ទរកថាគន្លឹះអំពីឱកាស និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលការណ៍នេះនឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានជម្រាបជូនសម្តេចធិបតី អំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយឯកឧត្តមជឿជាក់ថាប្រទេសទាំងពីរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនេះឱ្យកាន់តែប្រសើរថែមទៀត ដោយផ្អែកលើភាពវៃឆ្លាត សមត្ថភាព និងបទពិសោធន៍ ផ្នែកយោធារបស់សម្តេចធិបតី។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភា បានរំលេចអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងវិស័យសំខាន់ៗដូចជា៖ វិស័យអប់រំ សុខាភិបាល ឌីជីថល កសិកម្ម ការអភិរក្សវប្បធម៌ និងអភិវឌ្ឍឧស្សាហកម្ម។
ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់សាធារណរដ្ឋកូរ៉េ ហើយសម្ដេចធិបតីបានវាយតម្លៃខ្ពស់ និងអរគុណចំពោះការរួមចំណែករបស់សាធារណរដ្ឋកូរ៉េក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចធិបតី ក៏បានបញ្ជាក់ជូនឯកឧត្តមប្រធានរដ្ឋសភាអំពីលទ្ធផលនៃជំនួបប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្រ្តីសាធារណរដ្ឋកូរ៉េ ជាពិសេសអំពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិលើវិស័យជាច្រើន ដែលជាឧត្តមប្រយោជន៍រួម នៃប្រទេសទាំងពីរ ដោយក្នុងនោះ សម្ដេចធិបតីបានវាយតម្លៃខ្ពស់អំពីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការរៀបចំតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ជាពិសេសពីទីក្រុងធំៗ និងគោលដៅទេសចរណ៍នានារវាងប្រទេសទាំងពីរ។ សម្តេចធិបតី ក៏បានរំលេចនូវគំនិតផ្តួចផ្តើមចំនួនពីរ ដែលរួមមាន៖ (១) ការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងភ្នាក់ងាររាជរដ្ឋាភិបាល និង (២) ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនវិនិយោគកូរ៉េ តាមរយៈនៃការបង្កើតបរិស្ថានធុរកិច្ចអំណោយផល ពិសេស និងដោយឡែក សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េដែលធ្វើអាជីវកម្មនៅកម្ពុជា។
បន្ថែមលើនេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំ។ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្តេចធិបតី បានគូសបញ្ជាក់ថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ-កម្ពុជា និង ការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” នឹងកាន់តែរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគី និងការធ្វើពាណិជ្ជកម្ម និងវិនិយោគ បន្ថែមទៀត។ ពាក់ព័ន្ធនឹងវិស័យកសិកម្ម សម្ដេចធិបតីបានជម្រាបជូនថា តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-កូរ៉េ កម្ពុជាបាននាំចេញផ្លែស្វាយពិសេសមួយប្រភេទទៅប្រទេសកូរ៉េ ហើយសម្ដេចធិបតីបានស្នើសុំឱ្យភាគីកូរ៉េពិចារណាកាត់បន្ថយអត្រាពន្ធនាំចូល ដែលការណ៍នេះនឹងជំរុញឱ្យការនាំចូលស្វាយ និងផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជា មកកូរ៉េ កាន់តែល្អប្រសើរឡើង។
ចំពោះវិស័យអប់រំ សម្តេចធិបតី បានលើកឡើងអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យកូរ៉េក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសក្នុងវិស័យឌីជីថល ដែលនឹងជំរុញពិពិធកម្មនៃកម្លាំងពលកម្ម ក៏ដូចជាដោះស្រាយតម្រូវការជាក់ស្តែងរបស់ទីផ្សារ ហើយសម្តេចធិបតី ក៏បានបញ្ជាក់ថា កម្ពុជាមានយុវជនជាច្រើនដែលអាចនឹងទទួលបានការបណ្ដុះបណ្ដាលកម្រិតជំនាញ និងអាចចូលរួមចំណែកក្នុងការបំពេញភាពខ្វះខាតពលកម្មនៅប្រទេសកូរ៉េផងដែរ។
ជាទីបញ្ចប់ សម្តេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភា បានផ្លាស់ប្ដូរយោបល់អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្នុងការរួមចំណែកលើកកម្ពស់ “ភាពជាដៃគូយុទ្ធសាស្រ្ត” កម្ពុជា-កូរ៉េ ដើម្បីជាផលប្រយោជន៍នៃប្រជាជន និងប្រទេសទាំងពីរ ៕