ឯកឧត្ដម ស្វាយ សំអ៊ាង៖ អង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែង ជាតួអង្គយ៉ាងសំខាន់ក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត នៃខេត្តស្ទឹងត្រែង បានលើកឡើងថា អង្គបោះឆ្នោតដែលជាសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងជាតួអង្គយ៉ាងសំខាន់ក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាក្រុងស្រុក, ជាសំឡេងដែលតំណាងឱ្យប្រជាពលរដ្ឋនៅក្នុងឃុំរបស់ខ្លួនដើម្បីបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាស្រុកដើម្បីចូលរួមបំពេញតួនាទីដឹកនាំនិងអភិវឌ្ឍមូលដ្ឋានខេត្ត ស្រុកក្រុងរបស់ខ្លួនឱ្យរីកចម្រើនស្របតាមយុទ្ធសាស្ត្រនយោបាយរបស់រាជរដ្ឋាភិបាល ។
នេះជាប្រសាសន៍របស់ ឯកឧត្ដម ស្វាយ សំអ៊ាង ថ្លែងនាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកសៀមប៉ាង ។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈាង ឡាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិ ការគណបក្សខេត្ត ព្រមទាំងមានការចូលរួមដោយលោក លោកស្រីជាបេក្ខជន និងលោក លោកស្រីជាអង្គបោះឆ្នោត របស់គណបក្សប្រជាជនជាច្រើនរូបផងដែរ ។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់របស់គណបក្សប្រជាជនកម្ពុជា និងអង្គបោះឆ្នោតផ្សេងៗបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីរួមគ្នាអភិវឌ្ឍជាតិឱ្យកាន់តែមានការរីកចម្រើនរុងរឿងបន្ថែមទៀត។ ឯកឧត្តមបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាតែងតែគិតគូរពីផល
ប្រយោជន៍ជាតិនិងប្រជាជនជានិច្ច ហើយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជា
ជនកម្ពុជាបានដាក់ចុះនូវគោលនយោបាយ និងយុទ្ធសាស្ត្រនយោបាយដែលមានភាពប្រាកដនិយម ជាក់ស្តែងនិងឈរលើតម្រូវការរបស់ប្រជាពលរដ្ឋពិតប្រាកដ។ ឯកឧត្តមបានថ្លែងអំណរគុណដល់អង្គបោះឆ្នោតទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតព្រឹទ្ធសភាកាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។
ឯកឧត្ដម ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតដឹកនាំប្រទេស. បានដឹកនាំអភិវឌ្ឍកម្ពុជាឱ្យរីកចម្រើនជាមួយកំណើនសេដ្ឋកិច្ចស្ទុះខ្លាំងប្រមាណជាង ៧% ក្នុងមួយឆ្នាំ រយៈពេលជាង ២០ ឆ្នាំក្រោយពីកម្ពុជាមានសុខសន្តិភាពពេញលេញនៅខែធ្នូ ឆ្នាំ១៩៩៨។ គណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត បានអនុញ្ញាតឱ្យរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងពង្រឹងឯករាជភាពជាតិ និងការពារបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ និងធ្វើឱ្យជីវភាពពលរដ្ឋមានការរីកចម្រើន ថែរក្សាបានសុខសន្តិភាពពេញលេញ។ ជាមួយសន្តិភាព និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, កម្ពុជាមានលទ្ធភាពនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រទេស។ ក្នុងនាមសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាសូមប្រកាសគាំទ្រពេញទំហឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោង ផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន និងបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ហើយគម្រោងនេះបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ និងផ្តល់នូវឯលរាជភាពផ្នែកនយោបាយដឹកជញ្ជូនរបស់កម្ពុជា។
ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្ត ក៏បានស្នើឱ្យអង្គបោះឆ្នោតថែរក្សាសុខភាព និងត្រៀមឯកសារពាក់ព័ន្ធដើម្បីត្រៀមចូលរួមការបោះឆ្នោត និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅក្នុងថ្ងៃបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ៕