សម្តេចធិបតី ចាត់ទុកជំនួបជាមួយពលរដ្ឋខ្មែរនៅកូរ៉េ ជាជំនួបពិសេសនៃដំណើរទស្សនកិច្ចរបស់សម្តេច
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន សហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបង្ហាញអារម្មណ៍រីករាយចំពោះការបានសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅកូរ៉េ។ សម្តេចធិបតី ក៏បានចាត់ទុកជំនួបនេះ ជាជំនួបពិសេសនៃដំណើរទស្សនកិច្ចរបស់សម្តេចនៅកូរ៉េ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនដល់ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅកូរ៉េ។
ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ជំនួបសំណេះសំណាលនាពេលនេះ បង្ហាញពីសាមគ្គីភាពក្នុងស្មារតីជាខ្មែរ ដែលតែងតែស្កាត់រកគ្នា។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់មន្ត្រីទូតនៅកូរ៉េ ដែលបានប្រឹងប្រែងបំពេញការងារផ្តល់សេវាផ្សេងៗជូនពលរដ្ឋខ្មែរនៅកូរ៉េ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាល់ជំនួបជាមួយថ្នាក់ដឹកនាំកូរ៉េ សុទ្ធតែបានសរសើរពីការប្រឹងប្រែងរបស់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅកូរ៉េ។
សម្តេចធិបតី បានគូសបញ្ជាក់ថា ឥរិយាបថល្អរបស់ខ្មែរនៅកូរ៉េ គឺជាការលើកកម្ពស់កិត្តិយស និងកិត្តិនាមរបស់ខ្មែរ ដែលជារឿងដ៏រីករាយ និងរំភើបបំផុត ៕