នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ឆាប់ៗនេះ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនសហគមន៍ខ្មែរ នៅកូរ៉េខាងត្បូង នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ ក្នុងពេលឆាប់ៗខាងមុខនេះ ។
ក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ នៅកូរ៉េខាងត្បូង ក៏ដូចជាពលរដ្ឋខ្មែរនៅលើពិភពលោក ដែលបានចេញសារគាំទ្រចំពោះ គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងសម្រាប់ជាតិខ្មែរយើងទាំងអស់គ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ថ្ងៃមុនខ្ញុំប្រកាសថា នឹងធ្វើឱ្យចេញនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ប៉ុន្តែឥឡូវអត់ទេ គឺនឹងធ្វើឱ្យចេញក្នុងពេលឆាប់ៗខាងមុខ ពេលត្រឡប់ទៅវិញនេះ ចាប់ផ្តើមវិលកង់ គិតពីដាក់ ធ្វើឱ្យឆាប់ចេញ ចាប់ផ្តើមបុកគ្រឹះ ចាប់ផ្តើមធ្វើ ព្រោះអត់ថយទៀតទេ ។ មានការចូលរួម មិនមានការចូលរួម ពីវិនិយោគគិនបរទេសអត់សំខាន់ សំខាន់ខ្មែរ ត្រូវធ្វើឱ្យបាននូវគម្រោងនេះ យើងរួមគ្នាធ្វើ»។
សម្ដេចមហាបវរធិបតី គូសបញ្ជាក់ថា គម្រោងព្រែកជីកនេះមិនមែនជារបស់សម្ដេច របស់សម្តេចតេជោ ឬរបស់ត្រកូលហ៊ុននោះទេ ។ សម្ដេចធ្លាប់និយាយម្តងថា ត្រកូលហ៊ុន មានចំណែកមួយផ្នែកតូច ក្នុងការចូលរួម និងជំរុញឱ្យធ្វើទេ ប៉ុន្តែវាជាគម្រោងដែលកើតចេញពីការគាំទ្ររបស់ប្រជាជនខ្មែរ នៅទូទាំងពិភពលោក ជាគម្រោងរបស់ខ្មែរយើងដែលត្រូវការពារ និងធ្វើឱ្យបាន ។
សម្តេចធិបតី ថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ មិនសំខាន់លើការមានការចូលរួមដោយវិនិយោគិនបរទេស តែសំខាន់ខ្មែរត្រូវធ្វើឱ្យបាន ហើយត្រូវតែរួមគ្នាធ្វើ។ គម្រោងព្រែកជីកនេះ មិនមែនជាការចាប់យកអ្នកណាដើម្បីប្រឆាំងអ្នកណាទេ តែដើម្បីធ្វើឱ្យខ្មែររួមគ្នាប្រឆាំងនូវភាពមិនអភិវឌ្ឍ។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ «ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក។
ព្រែកជីកនេះនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕