សម្ដេចធិបតី ជំរុញឲ្យមានការហោះហើរត្រង់រវាងខេត្តសៀមរាប ជាមួយខេត្តនានារបស់កូរ៉េខាងត្បូង ដូចជាប៊ូសាន ជេជូ និងអ៊ីនឈុន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបអំពីគម្រោងនៃការជំរុញភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប ជាមួយបណ្ដាខេត្តសំខាន់ៗនានារបស់កូរ៉េ ដូចជា ប៊ូសាន ជេជូ និងអ៊ីនឈុនជាដើម។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចបានជួបជាមួយអភិបាលខេត្តជេជូ ហើយបានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពរវាងខេត្តមួយនេះ ជាមួយខេត្តសៀមរាប ពិសេសការភ្ជាប់ជើងហោះហើរត្រង់តែម្ដង។ សម្ដេចបន្ដថា នៅថ្ងៃខាងមុខ នឹងភ្ជាប់ជាមួយបណ្ដាខេត្តនានាជាច្រើនទៀត សំដៅជំរុញទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀត។
សម្ដេចធិបតី បញ្ជាក់ថា «យើងបានជជែកគ្នាច្រើនទៅលើគ្រប់វិស័យ ពិសេសការភ្ជាប់ប្រជាជន និងប្រជាជន។ ទំនាក់ទំនងខាងវិស័យទេសចរណ៍ វិស័យអប់រំ វិស័យវប្បធម៌ដើម្បីភ្ជាប់ជាមួយគ្នា។ ម្សិលមិញជួបជាមួយចៅហ្វាខេត្តជេជូ ចុះហត្ថលេខាសម្ព័ន្ធមេត្រីភាពជាមួយខេត្តសៀមរាប ពេលប្រជុំជាមួយឯកឧត្តមប្រធានាធិបតីក៏បានលើក ឥលូវត្រូវភ្ជាប់បន្ថែមទៀតពីអ៉ីនឈុន ទៅសៀមរាប ហើយសង្ឃឹមថាថ្ងៃក្រោយយើងបើកច្រកពីជេជូទៅសៀមរាប ពីប៊ូសានទៅសៀមរាប ហើយយើងសង្ឃឹមថា ទៅមុននឹងអាចធ្វើបាន»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈការតម្លើងកម្រិតទំនាក់ទំនងរវាងកម្ពុជា-កូរ៉េខាងត្បូង គឺមានលទ្ធភាពច្រើនបង្ហាញឲ្យឃើញថា ថ្នាក់ដឹកនាំកម្ពុជា និងកូរ៉េ មានទស្សនៈវិស័យដូចគ្នាផ្តល់សារសំខាន់លើទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ សម្ដេចជំរុញឲ្យវិស័យឯកជន និងវិស័យឯកជនរវាងប្រទេសទាំងពីរ រៀបចំជាកញ្ចប់គោលដៅទេសចរណ៍ ដើម្បីឲ្យមានការហោះហើរត្រង់តែម្ដង។
សម្ដេចធិបតី យល់ឃើញថា ការភ្ជាប់ជើងហោះហើរត្រង់រវាងបណ្ដាខេត្តនានារបស់កូរ៉េ ជាមួយកម្ពុជានេះ គឺជួយសម្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ពិសេសកាត់បន្ថយនូវរាល់ការចំណាយក្នុងការធ្វើដំណើរ។ ប៉ុន្ដែទោះជាយ៉ាងណា ការពង្រឹងទំនាក់ទំនង និងពង្រីកកូតាសម្រាប់ប្រជាពលរដ្ឋទៅធ្វើការនៅប្រទេសកូរ៉េ ក៏ជារឿងចាំបាច់ដូចគ្នាដែលត្រូវយកចិត្តទុកដាក់ ៕