ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ សម្តេចធិបតី មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ
ភ្នំពេញ៖ ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ ពីព្រោះគម្រោងនេះជាប្រធានរឿងរបស់កម្ពុជាសុទ្ធសាធ ហើយក៏មិនបានធ្វើឱ្យខូចប្រយោជន៍បរទេសណាឡើយ។
ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់ បានបញ្ជាក់បែបនេះ នារាត្រីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ដំណើរអញ្ជើញទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េ រយៈពេល៤ថ្ងៃ។
ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់ បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញទៅកូរ៉េខាងត្បូង ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺគ្មានមូលហេតុអ្វីដែលត្រូវលើកពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលជារឿងរបស់ប្រជាជាតិកម្ពុជាសុទ្ធសាធ ទៅជជែកជាមួយថ្នាក់ដឹកនាំកំពូលរបស់សាធារណរដ្ឋកូរ៉េ ឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ឡើយ។
ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំកំពូលរបស់កូរ៉េក៏លោករក្សាភាពថ្លៃថ្នូរ គោរពអធិបតេយ្យ និងប្រយោជន៍របស់កម្ពុជា លោកមិនសួរនាំសូម្បីតែមួយម៉ាត់ឡើយពីប្រធានរឿងព្រែកជីកហ្វូណនតេជោនេះ។
ឯកឧត្តមបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមិនឆោតទេ មិនធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោក្លាយជារឿងរ៉ាវអន្តរជាតិ ឬតំបន់ ដូចការចង់បានរបស់ក្រុមអ្នកប្រឆាំងផ្កាប់មុខមួយក្ដាប់ជ្រុលនិយម។
ឯកឧត្តមក៏បានរំឭកឡើងវិញនូវប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងសារពិសេសកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ដោយបញ្ជាក់ហើយថា គម្រោងព្រែកជីកហ្វូណនតេជោ គឺចេញពីគំនិតរបស់កម្ពុជាសុទ្ធសាធ បានន័យថា ជាប្រធានរឿងរបស់កម្ពុជា ពាក់ព័ន្ធតែនឹងកម្ពុជា ដើម្បីប្រយោជន៍សេដ្ឋកិច្ច និងឯករាជ្យនយោបាយរបស់ប្រជាជាតិកម្ពុជាតែមួយគត់។
អតីតប្រធានវិទ្យុបារាំងផ្នែកខេមរភាសារូបនេះ បានបង្ហើរមួយឃ្លាថា ពួកប្រឆាំងមួយក្ដាប់តូចដែលចង់បានប្រយោជន៍នយោបាយសម្រាប់ពួកខ្លួននោះ ស្រាប់តែហ៊ានធ្វើឆោតរហូតដល់ភ័ន្តច្រឡំ មើលមិនយល់ថាអ្វីទៅជាកម្ពុជា អ្វីទៅបរទេស ថាអ្វីទៅប្រយោជន៍របស់កម្ពុជា អ្វីទៅប្រយោជន៍របស់បរទេស។
គួរជម្រាបថា តាំងពីរាជរដ្ឋាភិបាលប្រកាសពីគម្រោងព្រែកជីកហ្វូណនតេជោមក មានក្រុមប្រឆាំងនៅក្រៅប្រទេស និងអ្នកវិភាគមួយចំនួនតូចបានរិះគន់លើគម្រោងនេះជារឿយៗ ដោយលើកហេតុផលថា ការកសាងព្រែកជីនេះនាំឱ្យកម្ពុជាខាតប្រយោជន៍ ខ្លាចបាត់បង់ទឹកដី នាំផលពិបាកដល់ប្រជាជនជាដើម ប៉ុន្តែការលើកឡើងទាំងនោះគឺផ្ទុយស្រឡះពីការយល់ឃើញរបស់ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុប ដែលមើលឃើញតែពីផលប្រយោជន៍ ផលចំណេញដល់សេដ្ឋកិច្ចជាតិ ឯករាជ្យនយោបាយ ម្ចាស់ការលើផ្នែកដឹកជញ្ជូនផ្លូវទឹក ជំរុញជីវភាពប្រជាពលរដ្ឋនៅតាមបណ្ដោយព្រែកជាដើម ៕