ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកសារព័ត៌មានកម្ពុជា កុំធ្វើតាមគំរូសារព័ត៌មានបរទេសខ្លះ ដែលចេះតែផ្លុំត្រចៀក ទោះកម្ពុជាធ្វើមិត្តល្អជាមួយកូរ៉េខាងត្បូង តែមិនបានធ្វើសត្រូវជាមួយកូរ៉េខាងជើងនោះទេ
ភ្នំពេញ៖ ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់អ្នកសារព័ត៌មានកម្ពុជាមួយចំនួន កុំធ្វើតាមគំរូ សារព័ត៌មានបរទេសខ្លះ ដែលចេះតែផ្លុំត្រចៀកកម្ពុជា ក្នុងការប្រកាន់ជំហរគាំទ្រ ឬមិនគាំទ្រប្រទេសណាមួយ។
ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់ បានប្រាប់បែបនេះ នារាត្រីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ដំណើរអញ្ជើញទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េ រយៈពេល៤ថ្ងៃ។
ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់ បានថ្លែងថា អស់លោកជាអ្នកសារព័ត៌មាន ទាំងអស់គ្នាសុទ្ធតែជាខ្មែរ ខ្ញុំថាមិនគួរយកតម្រាប់តាមប្រព័ន្ធផ្សព្វផ្សាយបរទេសខ្លះ ចេះតែនាំគ្នាផ្លុំត្រចៀកបរទេសកម្ពុជា ប្រាប់អ៊ីចេះ អ្នកឯងត្រូវប្រឆាំងប្រទេសនេះ អ្នកឯងត្រូវគាំទ្រប្រទេសនោះ អ្នកឯងមិនត្រូវសេពគប់ប្រទេសនេះទេ អ្នកឯងត្រូវតែសេពគប់ជាមួយប្រទេសនេះបានហើយ។
ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសអធិបតេយ្យ ឯករាជ្យម្ចាស់ការ និងមានជំហច្បាស់លាស់នៅចំពោះមុខបញ្ហាតំបន់ និងបញ្ហាអន្តរជាតិធំៗ នីមួយៗ។ កម្ពុជាមានជំហររបស់ខ្លួន ហើយកម្ពុជាគោរពនូវជំហររបស់ខ្លួន ដើម្បីទទួលមកវិញនូវការគោរពជំហរបស់អ្នកដ៏ទៃ។
ជុំវិញទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរ ឯកឧត្តមបានបញ្ជាក់ថា ជាកាពិតកម្ពុជាមានទំនាក់ទំនង និងប្រយោជន៍ច្រើន ជាពិសេសប្រយោជន៍សេដ្ឋកិច្ចជាមួយកូរ៉េខាងត្បូងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែមិនបានន័យថាកម្ពុជា ត្រូវតែប្រឆាំងនឹងកូរ៉េខាងជើងទេ ពោលគឺ កម្ពុជាមិត្តរបស់កូរ៉េខាងត្បូង ប៉ុន្តែកម្ពុជាមិនមែនសត្រូវរបស់កូរ៉េខាងជើងឡើយ ៕