ឯកឧត្តម ហ៊ុន ម៉ានី៖ កត្តាសុខសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងឱកាសជាច្រើនដល់ប្រជាពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានលើកឡើងថា កត្តាសុខសន្តិភាពបាននាំមកនូវការអភិវឌ្ឍនិងឱកាសជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធនានាក្នុងវត្តសុខារាម ស្ថិតក្នុងភូមិបាត់ដឹង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី បានរំឭកនូវអនុស្សាវរីយ៍ល្អៗជាច្រើនដែលធ្លាប់បានមកធ្វើការក្នុងនាមជាក្រុមការងារគណបក្សចុះជួយស្រុកឧដុង្គ និងខេត្តកំពង់ស្ពឺ ជាពិសេសការទទួលបានការស្វាគមន៍ ញញឹមរាក់ទាក់ និងស្រលាញ់រាប់អានយ៉ាងស្និទស្នាលបំផុតពីសំណាក់ក្រុមការងារមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តដែលបានចាត់ទុកជាកូនក្មួយ និងប្អូន។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា “កត្តាសុខសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងឱកាសជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ។និយាយដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺរបស់យើង សន្តិភាពបានប្រែមុខមាត់ខេត្តពីតំបន់ជម្លោះប្រដាប់អាវុធ មកជាតំបន់ប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម”។
ជាមួយគ្នានោះឯកឧត្តមក៏បានថ្លែងអំណរគុណសារជាថ្មីម្តងទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដែលបានរួបរួមគ្នាជាធ្លុងមួយ ក្នុងការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងហេដ្ឋរចនាសម្ព័ន្ធដ៏មានសារៈសំខាន់សម្រាប់ជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ៕