នាយករដ្ឋមន្រ្តីថៃ ស្នើឱ្យប្រធានាធិបតីបារាំង បង្កើតគ្រុបសន្ទនាមួយលើ WhatsApp ជាមួយរូបលោក ហើយនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
ប៉ារីស៖ យោងតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Nation Thailand នាថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ងា ក្នុងសប្តាហ៍នេះ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីសីន បានផ្តល់ជាយោបល់ទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង អំពីគំនិតបង្កើតគ្រុបសន្ទនាមួយ (group chat) តាមរយៈប្រព័ន្ធទំនាក់ទំនង WhatsApp ដែលរួមមានរូបលោកផ្ទាល់ លោក ម៉ាក្រុង ហើយនិងនាយករដ្ឋមន្រ្តីកម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីងាយស្រួលក្នុងការជជែកគ្នាអំពីបញ្ហាអន្តរជាតិផ្សេងៗ។
កាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោកនាយករដ្ឋមន្រ្តីថៃ បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ដើម្បីចូលរួមវេទិកាធុរកិច្ច ថៃ-បារាំង និងបើកកិច្ចពិភាក្សា ជាមួយលោកប្រធានាធិបតីបារាំង។ កាលពីថ្ងៃព្រហស្បតិ៍ លោក សេដ្ឋា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានជួបសន្ទនារយៈពេលជិត៤ម៉ោង ជាមួយលោក ម៉ាក្រុង ហើយជាលទ្ធផល ភាគីទាំង២បានឯកភាពគ្នាលើ កិច្ចសហប្រតិបត្តិការក្នុងវិស័យចម្រុះជាច្រើន។
លោក សេដ្ឋា បានឱ្យដឹងបន្ថែមថា អំឡុងជំនួបនោះ រូបលោកបានចែករំលែកព័ត៌មានទំនាក់ទំនងរបស់លោក ជាមួយលោក ម៉ាក្រុង តាមប្រព័ន្ធ WhatsApp ហើយនាពេលនោះ លោកប្រធានាធិបតីបារាំង បានឆ្លៀតបង្ហើបថា រូបលោកក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ ជាហេតុនាំឱ្យលោក សេដ្ឋា លើកជាយោបល់តែម្តងថា មេដឹកនាំទាំង៣រូប គួរតែមានគ្រុបឆាតមួយលើ WhatsApp ដើម្បីទុកជជែកអំពីបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធជាមួយបារាំង និងអាស៊ាន។
គួរបញ្ជាក់ថា បារាំងគឺជាប្រទេសដំបូងគេនៅទ្វីបអឺរ៉ុប ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅបំពេញទស្សនកិច្ច កាលពីខែមករា ដើមឆ្នាំនេះ គិតចាប់តាំងពីសម្តេចបានក្លាយជា នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា៕